(ភ្នំពេញ)៖ កូដកម្មទូទាំងប្រទេសនៅអ៊ីស្រាអែល កំពុងតែកើតឡើងបន្ទាប់ពីក្រុមសហជីពធំជាងគេ បង្អស់ បានអំពាវនាវឱ្យមានការធ្វើសកម្មភាពជំរុញរកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ក្រុមអ្នកតវ៉ាបានថ្លែងថា សេដ្ឋកិច្ចជាតិរបស់អ៊ីស្រាអែលទាំងមូល នឹងត្រូវបិទទ្វារទាំងអស់។ ព្រលានយន្តហោះអន្តរជាតិ ត្រូវបានបិទដំណើរការរយៈពេល ២ម៉ោងនៃការធ្វើដំណើរនៅច្រកទ្វារមកដល់ និងច្រកចេញដំណើរ ខណៈក្រសួងនានា រដ្ឋបាលតាមបណ្តាក្រុង សង្កាត់ សកលវិទ្យាល័យ មន្ទីរពេទ្យ និងសាលារៀនជាច្រើន ត្រូវបានផ្អាក និងបិទទ្វារ។
កូដកម្ម គំរាមបិទសេដ្ឋកិច្ចជាតិនៅថ្ងៃចន្ទ ទី២ ខែកញ្ញា គឺនៅបន្ទាប់ពីមានការខឹងសម្បារជាសាធារណៈចំពោះការសម្លាប់ឈ្លើយសឹកចំនួន៦នាក់ នៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ខណៈការអំពាវនាវកាន់តែបង្ខំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវតែធានាឱ្យមានកិច្ចឈប់បាញ់គ្នាមួយដើម្បីរកការដោះលែងចំណាប់ខ្មាំង។
កាលពីថ្ងៃអាទិត្យ ចាប់ពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Eilat ភាគខាងត្បូងអ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បាននាំគ្នាដើរតាមផ្លូវ នៅក្នុងការតវ៉ាទូទាំងប្រទេសដ៏ធំបំផុតមួយ មិនធ្លាប់មានឡើយ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែលដាក់ទៅលើក្រុមហាម៉ាស នោះមក។ ក្រុមអ្នកតវ៉ា បានប្តេជ្ញាចិត្តបញ្ជាក់ការបន្តចលនាតវ៉ារបស់ពួកគេទៅមុខថែមទៀត។
កូដកម្មដ៏ទូលំទូលាយដែលចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែកញ្ញា បានឆ្លុះបញ្ចាំងពីកំហឹងយ៉ាងខ្លាំងចំពោះលោក Netanyahu ដែលពួកគេបានចោទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ បានរារាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលស្នើដោយក្រុមគ្រួសារនិងដោយមិត្តភក្តិគាំទ្រ ។
មន្ត្រីអ៊ីស្រាអែលបានប្រាប់ CNN ថា ជនរងគ្រោះបីនាក់ដែលជាចំណាប់ខ្មាំង រួមមានទាំងជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែលម្នាក់ឈ្មោះ Hersh Goldberg-Polin ផង ក៏បានស្ថិតក្នុងចំណោមអ្នកស្លាប់។ លោក Hersh Goldberg-Polin មុននេះត្រូវបានគេរំពឹងថា លោកអាចនឹងត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់ក្នុងពេលណាមួយ ប៉ុន្តែទីបំផុត លោកបានបាតបង់ជីវិតដោយសារតែភាពមិនត្រូវរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងក្រុមហាម៉ាស់លើគំរោង ផ្អាកឈប់បាញ់ដើម្បីការដោះលែងចំណាប់ខ្មាំងនោះ។ ការធ្វើកោសល្យវិច័យបានបង្ហាញថា ចំណាប់ខ្មាំងទាំងនោះត្រូវបានបាញ់សម្លាប់ នៅថ្ងៃព្រហស្បតិ៍ ឬ ព្រឹកថ្ងៃសុក្រ ខណៈកងកម្លាំងអ៊ីស្រាអែលបានប្រកាសការរកឃើញសាកសពពួក គេទាំងអស់នៅក្នុងផ្លូវរូងក្រោមដី នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា។
ព័ត៌មាននៃការស្លាប់របស់ចំណាប់ខ្មាំងចុងក្រោយទាំងនេះហើយ បានដុតបញ្ឆេះកំហឹងបង្កឱ្យមានការធ្វើបាតុកម្មតវ៉ាបិទផ្លូវ Highways, និងពួកគេបានលើកទង់ជាតិគ្រវីនិងស្រែកថា «យើងមិនបោះបង់អ្នកទាំងអស់ទេ» ដែលមានន័យរកការជួយដល់ចំណាប់ខ្មាំងដទៃប្រមាណជាង ១០០នាក់ ក្នុងនោះក៏មាន៣៥នាក់ហើយ ដែលបានបាត់បង់ជីវិត។
នៅទីក្រុង Tel Aviv ក្រុមបាតុករកាលពីថ្ងៃអាទិត្យ ត្រូវគេឃើញឈរនៅពីក្រោយកន្លែងរៀបចំមួយ ធ្វើដូចជាទីបញ្ចុះសព ជាមួយនឹងការកាន់ស្លាកសញ្ញា «ដាក់ឈ្មោះតាម Benjamin Netanyahu» ខណៈពួកគេ បានស្តីបន្ទោសដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ ចំពោះការស្លាប់របស់ចំណាប់ខ្មាំង។ ក្រោយមកទៀត នៅពេលល្ងាច ប៉ូលីសបានគប់គ្រាប់បែកដៃ ទៅលើក្រុមអ្នកតវ៉ាដែលបិទផ្លូវហាយវេ Ayalon នៅក្នុងទីក្រុង Tel Aviv ថែមទៀត។
ប៉ូលិសអ៊ីស្រាអែលនៅបានបាញ់ពពុះទឹក ចេញពីកាណុងបាញ់ទឹក ដាក់ទៅលើបាតុករនៅតាមផ្លូវហាយវ៉េ ដែលអំពើនោះបានជំរុញឱ្យបាតុករបាននាំគ្នាស្រែកថា «លោកប៉ូលីស តើលោកការពារអ្នកណា»? ប៉ូលីសបានចាប់ខ្លួនមនុស្ស ២៩នាក់នៅក្នុងទីក្រុង Tel Aviv ជាមួយការចោទប្រកាន់ពួកគេពីបទបំផ្លិចបំផ្លាញ បំផ្លាញសណ្តាប់ធ្នាប់ និងការវាយប្រហារមកលើមន្ត្រីប៉ូលីស។
ក្រុមវេទិកាចំណាប់ខ្មាំង និងគ្រួសារបាត់ខ្លួន បាននិយាយថា មនុស្សដែលបានចូលរួមធ្វើបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃអាទិត្យមានចំនួន ៧០ម៉ឺននាក់ ក្នុងនោះ៥៥ម៉ឺននាក់បានធ្វើការតវ៉ា នៅក្នុងក្រុង Tel Aviv ។ នៅក្រុងហ្សេរុយសាឡឹម ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែង ដែលការស្រែកតវ៉ានោះ បានទន្ទឹមនឹងរដ្ឋាភិបាល បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល នូវអ្វីដែលលោកបាននិយាយថា កំពុងផ្តល់អាទិភាព ដល់ការគ្រប់គ្រងច្រករបៀងតំបន់ព្រំដែនដ៏សំខាន់មួយ ជាងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយលោកបានចាត់ទុកថា វាជា «អំពើអាម៉ាស់ខាងសីលធម៌»។
ច្រករបៀងឈ្មោះ Philadelphia ប្រវែង១៤ គីឡូម៉ែត្រ ដែលលាតសន្ធឹងតាមព្រំដែនរវាង Gaza និង Egypt បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល។ លោក Netanyahu និយាយថា ការគ្រប់គ្រងច្រករបៀងនោះ គឺចាំបាច់ដើម្បីទប់ស្កាត់ក្រុមហាម៉ាសពីការបន្តការរត់ពន្ធអាវុធ តាមរូងក្រោមដីដែលស្ថិតនៅក្រោមតំបន់នោះ។
រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បានប្រាប់សហការីរបស់លោកកាលពីថ្ងៃអាទិត្យថា «ប្រសិនបើគេនៅតែបន្តលើវិធីជាដដែលនេះទៀត គេនឹងមិនអាចសម្រេចបាននូវគោលដៅដែលបានដាក់ចេញនោះឡើយ»។ លោកបានបន្ថែមថា «យើងមិនមានពេលវេលាទៀតឡើយ បើយើងចង់ឱ្យចំណាប់ខ្មាំងបាន នៅរស់រានមានជីវិតនោះ»។
នាពេលនេះ គេមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើការផ្ទុះកំហឹងតវ៉ារបស់ពលរដ្ឋអ៊ីស្រាអែលក្នុងការដាក់សម្ពាធទៅលើលោកនាយករដ្ឋមន្ត្រី Netanyahu នឹងអាចជួយកែស្ថានការណ៍បានប៉ុណ្ណាឡើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្លែងថាការស្លាប់របស់ចំណាប់ខ្មាំងទាំង ៦នាក់ គឺជាកំហុសរបស់ក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលនឹងត្រូវសងសឹកឱ្យពេញទំហឹងឆ្លើយតបដាក់ទៅវិញ។
នៅជាមួយគ្នានេះដែរ សេចក្តីរាយការណ៍២៤ម៉ោងនេះ បានបង្ហាញថាកងកម្លាំងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារដាក់លើតំបន់ហ្គាហ្សាស្ទ្រីបជាដដែល ក្នុងនោះមានមនុស្សស្លាប់ ច្រើនសិបនាក់ថែមទៀតក្នុងនោះរួមមានការបាញ់ផ្លោងដាក់ក្នុងសាលារៀនមួយនៅក្នុង ក្រុងហ្គាហ្សា និងការស្លាប់មនុស្សបួននាក់នៅក្នុងរថយន្តមួយដែលគេបានបាញ់ នៅជិតតំបន់ Deir el-Balah។ គិតចាប់តាំងពីមានការវាយប្រហាររបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សា ក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះមក ពលរដ្ឋប៉ាឡេស្ទីន ដែលបានស្លាប់ក្នុងតំបន់ហ្គាហ្សា ត្រូវគេរាយការណ៍ថាមានសរុប ៤០,៧៣៨នាក់គិតត្រឹមថ្ងៃទី២កញ្ញានេះ និងមានអ្នករងរបួសចំនួន៩៤,១៥៤នាក់៕