(Reuters)៖ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថាបរាជ័យរបស់ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន តាមដីកាចាប់ខ្លួនអន្តរជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌរបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា បានធ្វើដំណើរទៅដល់ប្រទេសម៉ុងហ្គោលី ជាទីដែលលោកត្រូវបានរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំម៉ុងហ្គោលីពីគម្រោង បំពង់ឧស្ម័នថ្មីមួយដែលតភ្ជាប់រវាងរុស្ស៉ី និងចិន។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំ២០២៣ ដោយចោទថាមេដឹកនាំរុស្ស៉ី រូបនេះ បានពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ តាមរយៈដីកានេះ ប្រទេសជាសមាជិក ICC ទាំង១២៤ ក្នុងនោះរួមមានទាំងម៉ុងហ្គោលី មានកាតព្វកិច្ចត្រូវ ចាប់ខ្លួនលោក ពូទីន បញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីទទួលការជំនំជម្រះ ក្នុងករណីលោក ពូទីន យកជើងជាន់លើទឹកដីរបស់ពួកគេ។

ប៉ុន្តែ ម៉ុងហ្គោលី មិនបានអនុវត្តតាមដីកាចាប់ខ្លួននេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថាបរាជ័យរបស់ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនលោក ពូទីន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ។ អ្នកនាំពាក្យរូបនេះបានលើកឡើងដូច្នេះថា « ម៉ុងហ្គោលីបានអនុញ្ញាតឧក្រិដ្ឋជនជាប់ចោទម្នាក់រួចផុតពីសំណាញ់ច្បាប់ ដែលនេះជាទង្វើចូលរួមចំណែកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាមដែលបានកើតឡើង»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន អ៊ុយក្រែនបានជំរុញឱ្យម៉ុងហ្គោលី ចាប់ខ្លួនលោក ពូទីន តាមដីកា​ ICC។ តែខាងវិមានក្រឹមឡាំង បាននិយាយថាទីក្រុងមូស្គូ មិនមាន ការព្រួយបារម្ភអ្វីទេចំពោះសកម្មភាពពាក់ព័ន្ធនឹងដីកានេះ ដោយបញ្ជាក់ថារុស្ស៉ីបានពិភាក្សាជាមួយម៉ុងហ្គោលីរួចហើយ៕