(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា បាននិយាយថាសហរដ្ឋអាមេរិកបានរឹបអូសយន្ដហោះមួយគ្រឿងដែលត្រូវបានប្រើប្រាស់ដោយ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងបានយកយន្ដហោះនេះចេញពីសាធារណរដ្ឋដូមីនីក ឆ្ពោះទៅកាន់រដ្ឋ Florida ក្រោយរកឃើញថា ការទិញយន្ដហោះនេះបានបំពានលើទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការរឹបអូសយន្ដហោះខាងលើ ធ្វើឡើងចំពេលសហរដ្ឋអាមេរិក កំពុងបន្តដាក់សម្ពាធលើលោក Maduro ជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស។ គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា និងតុលាការកំពូល បានទទួលស្គាល់ថាលោក Maduro គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា។ ប៉ុន្តែ គណបក្សប្រឆាំង និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន តួយ៉ាងដូចជាសហរដ្ឋអាមេរិកបាននិយាយថា ការបោះឆ្នោតនេះ គ្មានភាពយុត្តិធម៌ ហើយថាគណបក្សប្រឆាំងទៅវិញដែលជាអ្នកទទួលបានជ័យជម្នះ។
ជាការឆ្លើយតបទៅនឹងការរឹបអូសយន្ដហោះរបស់លោក Maduro រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានទទួលស្គាល់ថាលោក Maduro ពិតជាបានប្រើប្រាស់យន្ដហោះ នោះប្រាកដមែន ជាមួយការចេញសេចក្ដីថ្កែងការណ៍ថ្កោលទោស និងចោទប្រកាន់សហរដ្ឋអាមេរិកថាជាចោរ។ «ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកបានប្រប្រពឹត្ត បទឧក្រិដ្ឋដូចជាចោរ»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អាមេរិក ការរឹបអូសយន្ដហោះរបស់លោក Maduro បានបញ្ជូនសារយ៉ាងច្បាស់ថាការទិញយន្ដហោះខុសច្បាប់ពីអាមេរិក សម្រាប់បម្រើផលប្រយោជន៍ដល់ក្រុមមន្ត្រីវ៉េណេស៊ុយអេឡាជាប់ទណ្ឌកម្ម គឺមិនអាចហោះបាននោះទេ៕