(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា បានច្រានចោលការអំពាវនាវឱ្យបន្ធូរបន្ថយការទាមទាររបស់លោក ពាក់ព័ន្ធនឹង ការរក្សាទុកកងទ័ពឱ្យឈរជើងនៅក្នុងតំបន់ព្រំដែនភាគខាងត្បូងហ្កាហ្សា ជាថ្នូរទៅនឹងបទឈប់បាញ់ ដោយបញ្ជាក់ថាវាជារឿងចាំបាច់ដែលអ៉ីស្រាអែល ត្រូវគ្រប់គ្រងតំបន់ដែលប្រៀបដូចជា សសៃឈាមដ៏សំខាន់មួយនេះសម្រាប់ក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បញ្ហាច្រករបៀង ឬគេស្គាល់ថា Philadelphi ស្ថិតនៅតាមបណ្ដោយព្រំដែនភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងអេហ្ស៉ីប ត្រូវបានគេមើលឃើញថាគឺជាចំណុចខ្ទាស់មួយដ៏ធំ រារាំងដល់ ការចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ហាម៉ាសបានជំទាស់នឹងការរក្សាទុកវត្តមានកងទ័ពអ៉ីស្រាអែលនៅតំបន់ច្រករបៀងមួយនេះ ខណៈលោក Netanyahu ទទូចថាអ៉ីស្រាអែលនឹងមិនបោះបង់ចោលច្រករបៀងនេះទេ ជាទីដែលកងទ័ពអ៉ីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីជាច្រើនដែលពួកគេអះអាងថាត្រូវបានក្រុមហាម៉ាស ប្រើប្រាស់ក្នុងការរត់ពន្ធអាវុធ និងគ្រាប់រំសេវចូលទៅកាន់តំបន់ហ្កាហ្សា។
នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងហ្ស៊េរុយសាឡិម លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «ពួកបិសាចចង់បានច្រករបៀង Philadelphi ដូច្នេះយើងមានហេតុផលត្រូវតែ គ្រប់គ្រងច្រករបៀង Philadelphi។ ហាម៉ាស បានទទូចថាយើងមិនត្រូវមានវត្តមាននៅទីនោះ ទេ (ច្រករបៀង Philadelphi) តែនៅក្រោមហេតុផលដដែល ខ្ញុំទទូចថាយើងចាំបាច់ ត្រូវតែនៅទីនោះ»។
គួរបញ្ជាក់ថា លោក Netanyahu កំពុងប្រឈមមុខនឹងសម្ពាធពីការធ្វើបាតុកម្មទ្រង់ទ្រាយធំដែលបានផ្ទុះឡើង នៅពាសពេញប្រទេសអ៉ីស្រាអែល ក្រោយការស្លាប់របស់ចំណាប់ខ្មាំង ៦នាក់ទៀត នៅតំបន់ហ្កាហ្សា ស្របពេលប្រជាជនអ៉ីស្រាអែល កាន់តែបន្តខឹងសម្បារខ្លាំងឡើង ជុំវិញភាពបរាជ័យរបស់ថ្នាក់ដឹកនាំប្រទេស ក្នុងការសម្រេចឱ្យបានបទឈប់បាញ់ ដែលនឹងជួយឆ្ពោះទៅរក ការដោះលែងចំណាប់ខ្មាំង៕