(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ មានការលើកឡើងជាច្រើនថាការវិលត្រឡប់ទៅអង្គុយកៅអីសេតវិមានរបស់ លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យទំនាក់ទំនងផ្អែមល្ហែមរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រស់ឡើងវិញ។ តែវាក៏អាចធ្វើឱ្យមានភាពតានតឹងជាថ្មី នៅក្នុងសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងផងដែរ ពាក់ព័ន្ធនឹងការទាមទារឱ្យទីក្រុងសេអ៊ូលបង់ថ្លៃការពារបន្ថែមសម្រាប់កងទ័ពអាមេរិកដែលកំពុងឈរជើងលើទឹកដីកូរ៉េខាងត្បូង។

ក៏ប៉ុន្តែ អ្វីៗបានប្រែប្រួលអស់ទៅហើយ ពោលគឺបើទោះជាលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីក៏ដោយ ក៏លោកនឹងត្រូវប្រឈមមុខនឹងការពិតថ្មីចំនួន៣ ដែលអាចនឹងនាំទៅ រកលទ្ធផលខុសប្លែកគ្នាពីអ្វីដែលសម្រេចបានអំឡុងរដ្ឋបាលលោក ត្រាំ ក្នុងអាណត្តិទី១។

ទី១៖ សព្វថ្ងៃ កូរ៉េខាងត្បូងស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលអភិរក្សនិយមរបស់ លោកប្រធានាធិបតី យូន សុកយុល ដែលមានជំហរម៉ឺងម៉ាត់ចំពោះកូរ៉េខាងជើង ផ្ទុយពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក មូន ចែអ៉ីន ដែលធ្លាប់ត្រូវបានចាត់ទុកថាសមភាគីរបស់ សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង អំឡុងអាណត្តិដំបូងរបស់លោក ត្រាំ។ បានន័យថា ការសម្រុះសម្រួល ឬការប្រកាន់ជំហរទន់ភ្លន់ណាមួយរបស់លោក ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ផ្ទុយពីលោក មូន ដែលផ្តោតលើកិច្ចសន្ទនា និងភាពជាដៃគូជាមួយលោក គីម ជុងអ៊ុន លោក យូន សុកយុល អាចនឹងប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យលោក ត្រាំ បន្តពង្រីកការកំញើញប្រឆាំងនឹងកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ឥលូវ វាមិនមានទៀតនោះទេ ប្រធានាធិបតីកូរ៉េខាងត្បូងដែលនឹងគំាទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងរវាងព្យុងយ៉ាង និងវ៉ាស៊ីនតោន។ រដ្ឋបាលលោក យូន ក៏ទំនងជានឹងមិនធ្វើជាអ្នកសម្របសម្រួលនោះដែរ ហើយអាចនឹងប្រឆាំងកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដែលចង់ស្ដារ កិច្ចសន្ទនាឡើងវិញ លុះត្រាតែកូរ៉េខាងជើង បង្ហាញការប្ដេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរជាមុនសិន។

ទី២៖ លោក គីម ជុងអ៊ុន ក្នុងពេលនេះក៏ទំនងជាលែងមើលឃើញថាកិច្ចសន្ទនាជាមួយលោក ដូណាល់ ត្រាំ មានភាពចាំបាច់ដូចកាលពីអាណត្តិដំបូងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ នោះទេ។ នោះក៏ព្រោះតែលោក គីម មានការគាំទ្រពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន និងចិន ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដឹកនាំដោយសហរដ្ឋអាមេរិក។ ម្យ៉ាង ដោយសារតែ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ លោក គីម ជុងអ៊ុន ប្រហែលជាអាចកំណត់នៅក្នុងចិត្តថាវាជារឿងចាំបាច់ ដែលកូរ៉េខាងជើង ត្រូវតែធ្វើយ៉ាងណាឱ្យខ្លួនឯងមានទឹកមាត់ប្រៃជាងលោក ត្រាំ នៅឯកិច្ចចរចា តាមរយៈការពង្រឹងសមត្ថភាពយោធា។ ប៉ុន្តែ ការធ្វើបែបនេះនឹងក្លាយជាការតថ្លៃមួយដែលលោក ត្រាំ មិនអាចបញ្ចុះតម្លៃបាន។ ជាលទ្ធផល វាអាចនឹងធ្វើឱ្យលោក ត្រាំ និងលោក គីម ត្រឡប់ទៅរក «សង្រ្គាមពាក្យសម្ដីឡើងវិញ» ដូចពេលដែលលោក ត្រាំ ហៅលោក គីម ថាជា «បុរសរ៉ុក្កែត» រីឯលោក គីម ហៅលោក ត្រាំ ថាជា «មនុស្សចាស់វង្វេង»។

ទី៣៖ ការព្រួយបារម្ភរបស់កូរ៉េខាងត្បូង ចំពោះផលប៉ះពាល់អវិជ្ជមាននៃការវិលត្រឡប់មកវិញរបស់លោក ត្រាំ ចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកការពារសម្ព័ន្ធមិត្តរបស់ខ្លួន តួយ៉ាងដូចជា កូរ៉េខាងត្បូង និងការធ្វើអត្ថាធិប្បាយនាពេលកន្លងមករបស់លោក ត្រាំ អំពីការអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានអាវុធនុយក្លេអ៊ែរ អាចនឹងក្លាយជាការលើកទឹកចិត្តឱ្យសេអ៊ូលកាន់តែចង់បាន អាវុធនុយក្លេអ៊ែរ ដើម្បីអាចស៊ីសង ឬកំញើញកូរ៉េខាងជើង។

តែទោះជាយ៉ាងណាក៏ដោយ គោលនយោបាយការបរទេសនៃរដ្ឋបាលណាមួយរបស់លោក ត្រាំ នឹងនៅតែផ្អែកលើការប្រើប្រាស់ស្ថានការណ៍ជាក់ស្ដែង ដើម្បីស្វែងរកប្រយោជន៍នយោបាយ ដោយមិនគិតពីអតីតកាលនោះទេ៕