(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីធានាកិច្ចព្រមព្រៀងចំណាប់ខ្មាំងនោះទេ ខណៈដែលលោកក៏បានបង្ហើបផងដែរថា សំណើចុងក្រោយសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា អាចនឹងត្រូវបង្ហាញដល់ភាគីទាំងសងខាងក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំងចំនួនប្រាំមួយនាក់ រួមទាំង លោក Hersh Goldberg-Polin ជនជាតិអាមេរិក-អ៊ីស្រាអែលអាយុ ២៣ឆ្នាំ ពីផ្លូវរូងក្រោមដីក្នុង Gaza កាលពីចុងសប្តាហ៍។ អ៊ីស្រាអែលបាននិយាយថា ពួកគេត្រូវបានសម្លាប់នាពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន។

ការរកឃើញនេះបានធ្វើឱ្យមានការរិះគន់យុទ្ធសាស្ត្របទឈប់បាញ់នៅតំបន់ហ្គាហ្សារបស់រដ្ឋបាលលោក Biden និងបង្កើនសម្ពាធលើលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ឱ្យនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ត្រឡប់មកផ្ទះវិញ។

នៅពេលសួរថា តើលោកគិតថា លោក Netanyahu កំពុងធ្វើកិច្ចការគ្រប់គ្រាន់ដើម្បីធានាបានកិច្ចព្រមព្រៀងចំណាប់ខ្មាំង ដែរឬនៅ? លោក Biden បានឆ្លើយយ៉ាងខ្លីថា «ទេ»។ លោក Biden ក៏បានបង្ហើបថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងចុងក្រោយអាចនឹងត្រូវបង្ហាញដល់ភាគីទាំងសងខាងក្នុងពេលឆាប់ៗនេះ ដោយលោកបាននិយាយថា «យើងជិតនឹងរឿងនោះណាស់» និងបន្ថែមថា «ក្តីសង្ឃឹមនៅតែមានជានិច្ច»។

គួរបញ្ជាក់ថា លោក Biden និងអនុប្រធានាធិបតី Kamala Harris គ្រោងនឹងជួបជាមួយក្រុមចរចាកិច្ចព្រមព្រៀងចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកិច្ចព្រមព្រៀង សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់៕