(ម៉ានីល)៖ ក្រុមមន្រ្តីនិយាយថា ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះត្រូពិក នៅក្នុងប្រទេសហ្វីលីពីន ចូលមកដល់ថ្ងៃទី ២នៅថ្ងៃចន្ទនេះ បណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ហើយបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ ២០២៤។
ក្រុមជួយសង្គ្រោះនិយាយថា ភាគខាងកើតនៃទីក្រុង Naga ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលព្យុះត្រូពិច Yagi បានបោកបក់ចេញពីឆ្នេរសមុទ្រ កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងទឹកជំនន់។ លោក Joshua Tuazon មន្រ្តីការការិយាល័យសុវត្ថិភាពសាធារណៈក្រុង បានប្រាប់ AFP ថា «ទឹកជំនន់បានឡើងខ្លាំងនៅតំបន់ខ្លះ ហើយអ្នកស្រុករាប់រយនាក់ ត្រូវបានជួយសង្គ្រោះ។
គិតត្រឹមថ្ងៃចន្ទនេះ មនុស្សច្រើនជាង ៣០០នាក់ បន្តស្ថិតក្នុងជំរំសុវត្ថិភាព ដោយបើតាមមន្ត្រីក្នុងតំបន់ ទឹកជន់លិចនៅទីក្រុងដែលមានមនុស្សចំនួន ២១០,០០០នាក់រស់នៅ ខណៈដែលទឹកស្រកចុះយឺត។ ការិយាល័យគ្រោះមហន្តរាយក្នុងតំបន់ បានប្រាប់ AFP ថា ការរអិលបាក់ដី ២លើកធ្វើឱ្យមនុស្ស ២នាក់ស្លាប់ ខូចខាតផ្ទះ ៥ខ្នង នៅកណ្តាលទីក្រុង Cebu កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា តាមការព្យាករ ព្យុះ Yagi កំពុងឆ្ពោះទៅភាគខាងជើងតំបន់ឆ្នេរសមុទ្រ នៃកោះដ៏ធំមួយរបស់ហ្វីលីពីន គឺ Luzon នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ជាមួយនិងខ្យល់បក់បោកល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចនឹងបោកបក់លើខេត្ត Isabela ភាគខាងជើងនៅថ្ងៃបន្ទាប់។ Isabela មានក្រុងចំនួន ៤ និងប្រជាជនរស់នៅប្រហែល ៣៣,០០០នាក់ ហើយក្រុមមន្រ្តីកំពុងត្រូវបានណែនាំ ឱ្យត្រៀមលក្ខណៈសម្រាប់ការជម្លៀសប្រជាជន៕