(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង នៅពាសពេញប្រទេសអ៉ីស្រាអែល ក្រោយការស្លាប់របស់ចំណាប់ខ្មាំង៦នាក់ទៀត នៅតំបន់ហ្កាហ្សា ស្របពេលប្រជាជនអ៉ីស្រាអែល កាន់តែបន្តខឹងសម្បារខ្លាំងឡើង ជុំវិញភាពបរាជ័យរបស់ថ្នាក់ដឹកនាំប្រទេស ក្នុងការសម្រេចឱ្យបានបទឈប់បាញ់ ដែលនឹងជួយឆ្ពោះទៅរក ការដោះលែងចំណាប់ខ្មាំង។ នេះ​បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីស្រាអែល ប្រជាជនសរុបរហូតដល់ប្រហែល៥០០,០០០នាក់ បាននាំគ្នាចេញធ្វើបាតុម្ម នៅ​ទីក្រុង Jerusalem, Tel Aviv និងទីក្រុងដទៃទៀត ដោយពួកគេទាមទារឱ្យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ​Benjamin Netanyahu ព្យាយាមធ្វើអ្វីបន្ថែមទៀត ដើម្បីនាំចំណាប់ខ្មាំង ដែលនៅសេលសល់ទាំងប៉ុន្មាន ក្នុងតំបន់ហ្កាហ្សា ត្រឡប់មកផ្ទះវិញ។ ក្រុមមន្រ្តីអ៉ីស្រាអែល បានប៉ាន់ប្រមាណថា ក្នុងចំណោមចំណាប់ខ្មាំងចំនួន១០១នាក់ ដែលបន្តជាប់នៅហ្កាហ្សា គឺប្រហែល១ភាគ៣ បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា បាតុកម្មថ្មីខាងលើបានផ្ទុះឡើង បន្ទាប់ពីក្នុងថ្ងៃដដែល យោធាអ៉ីស្រាអែល បានប្រកាសពីការរកឃើញ សាកសព​ចំណាប់ខ្មាំងចំនួន៦នាក់ ក្នុងរូងក្រោមដីមួយកន្លែង នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។ សង្រ្គាមនៅហ្កាហ្សា បានផ្ទុះកាលពីខែកក្កដា ឆ្នាំ២០២៣ ដែលមកទល់ពេលនេះ គឺមានរយៈពេលជិត១១ខែហើយ។ ក្រុមហាម៉ាសបានចោទប្រកាន់ថា ដោយសារតែ​មិនព្រមចុះកិច្ចព្រមព្រៀងបទឈប់បាញ់ អ៉ីស្រាអែលគឺជាអ្នកដែលបណ្តោយឱ្យ ចំណាប់ខ្មាំងបន្តបាត់បង់ជីវិត៕