(ការ៉ាកាស)៖ អង្គការសិទ្ធិមនុស្សមួយ បានឱ្យដឹងថា មនុស្សវ័យជំទង់ចំនួន ៨៦នាក់ ត្រូវបានដោះលែងពីពន្ធនាគារកាលពីចុងសប្តាហ៍មុន នៅក្នុងប្រទេសវ៉េណេស៊ុអេឡា បន្ទាប់ពីត្រូវចាប់ខ្លួនអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្រោយការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រុមប្រឹក្សាបោះឆ្នោតវ៉េណេស៊ុយអេឡា និងតុលាការកំពូលបានប្រកាសថា ប្រធានាធិបតី លោក Nicolas Maduro ដែលឡើងកាន់អំណាចតាំងពីឆ្នាំ ២០១៣ ជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែមិនបានផ្សព្វផ្សាយចំនួនសន្លឹកឆ្នោតទេ។ ចំណែក គណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡា បានបញ្ចេញចំនួនសន្លឹកឆ្នោតសរុប ដោយអះអាងថា បេក្ខជនរបស់ខ្លួនគឺលោក Edmundo Gonzalez ជាអ្នកឈ្នះ។ ការណ៍នេះ បាននាំឱ្យមានការតវ៉ានៅតាមដងផ្លូវ បណ្តាលឱ្យមនុស្ស២៧នាក់ស្លាប់ ហើយជាង ២,៤០០នាក់ត្រូវចាប់ខ្លួន។
តាមការបង្ហោះសារលើបណ្តាញសង្គម X របស់លោក Alfredo Romero ដែលជាប្រធានអង្គការក្រៅរដ្ឋាភិបាល Foro Penal «មនុស្សវ័យជំទង់ចំនួន ៨៦នាក់ ដែលត្រូវចាប់ខ្លួនអំឡុងការតវ៉ា ត្រូវបានដោះលែងចេញពីពន្ធនាគារវិញហើយ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ»។ យ៉ាងនេះក្តី អាជ្ញាធរវ៉េណេស៊ុយអេឡា មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅទេ៕