(ស្ដុកខុល)៖ ត្រីបាឡែន Beluga មួយក្បាលដែលគេសង្ស័យថាត្រូវបានបង្ហាត់បង្រៀនដោយរុស្ស៉ី ដើម្បីស៊ើបការណ៍ ត្រូវបានប្រទះឃើញងាប់នៅក្នុងប្រទេសន័វែស។ នេះបើតាមការអង្គការក្រៅរដ្ឋាភិបាលមួយដែលតាមដានសកម្មភាពត្រីបាឡែនមួយនេះ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ស្ថាបនិកអង្គការ Marine Mind លោក Sebastian Strand បានឱ្យដឹងថាក្រុមការងាររបស់លោកបានប្រទះឃើញសពត្រីបាឡែន Beluga ខាងលើនៅឯតំបន់ឆ្នេរ Risavika កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ តាមលោក Strand មូលហេតុដែលធ្វើឱ្យត្រីបាឡែននេះងាប់មិនត្រូវបានកំណត់នៅឡើយទេ ហើយក៏មិនមានស្នាមរបួសអ្វីនោះដែរ ខណៈសពរបស់វាត្រូវយកទៅរក្សាទុក ដើម្បីធ្វើកោសលវិច័យ។

គួរបញ្ជាក់ថា ត្រីបាឡែន Beluga ដែលមានរហស្សនាមថា «Hvaldimir» ត្រូវបានអាជ្ញាធរន័រវែសប្រទះឃើញនៅតំបន់ Finnmark កាលពីឆ្នាំ២០១៩។ ក្នុងពេលនោះដែរ ក្រុមអ្នកជីវៈចម្រុះន័រវែសបានរកឃើញថាត្រីបាឡែននេះមានខ្សែក្រវាត់ចងភ្ជាប់នៅលើខ្លួន ដែលស័ក្តិសមសម្រាប់បំពាក់កាមេរ៉ា ហើយក្រុមមន្ត្រីន័រវែសក៏បាននិយាយដែរថា ត្រីបាឡែននេះត្រូវបានបង្ហាត់ដោយកងទ័ពជើងទឹករុស្ស៉ី។ ប៉ុន្តែ ខាងទីក្រុងមូស្គូមិនដែលបញ្ចេញប្រតិកម្មផ្លូវការណាមួយ ឆ្លើយតបទៅនឹងការសង្ស័យដែលថាត្រីបាឡែននេះ ជាចារកម្មរបស់រុស្ស៉ីនោះទេ៕