(ហ្គាហ្សា)៖ មន្ត្រីអ៊ីស្រាអែលបាននិយាយថា ប៉ូលិសអ៊ីស្រាអែលបីនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលរថយន្តរបស់ពួកគេបានរងការបាញ់ប្រហារនៅជិតទីក្រុង Hebron ក្នុងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

ប៉ូលិស​បានគូសបញ្ជាក់ថា មន្ត្រី​ប៉ូលិស​បី​នាក់​ដែលជាប្រុស​ពីរ​នាក់ ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្នុង​ការ​វាយ​ប្រហារនៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ Tarqumiya។

ទន្ទឹមគ្នានេះ យោធា​អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានសម្លាប់អ្នកវាយប្រហារដែលត្រូវបានសង្ស័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបានអះអាងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះមួយនៅទីក្រុង Hebron ដែលជនសង្ស័យកំពុងលាក់ខ្លួន ហើយបានបន្ថែមថា «ជនសង្ស័យត្រូវបានសម្លាប់នៅនឹងកន្លែង»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ក្រុមហាម៉ាស់ថា «យើងកំពុងប្រយុទ្ធគ្រប់ទិសដៅប្រឆាំងនឹងសត្រូវដ៏ឃោរឃៅដែលចង់សម្លាប់យើងទាំងអស់គ្នា»។ លោកបានបន្ថែមថា នៅព្រឹកនេះ ពួកគេបានសម្លាប់ប៉ូលិសបីនាក់នៅទីក្រុង Hebron។

គួរបញ្ជាក់ថា ទាហានអ៊ីស្រាអែលរាប់រយនាក់ បាននិងកំពុងធ្វើការវាយឆ្មក់នៅទូទាំងតំបន់ West Bank ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន នៅក្នុងសកម្មភាពវាយឆ្មក់ដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់នេះ ក្នុងរយៈពេលជាច្រើនខែ ដែលអ៊ីស្រាអែលនិយាយថា មានគោលបំណងកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាម។

ប្រតិបត្តិការនេះបានទាក់ទាញការអំពាវនាវអន្តរជាតិឱ្យបញ្ឈប់ ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលសមាជិកស្តាំជ្រុលនិយម នៃគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank៕