(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះបានអះអាងពីការទប់ស្កាត់ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន លើតំបន់ភាគខាងលិចរុស្ស៉ី និងដ្រូន ដែលមានគោលដៅវាយប្រហារលើរដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram អភិបាលតំបន់ Bryansk លោក Aleksandr Bogomaz បានគូសបញ្ជាក់ដូច្នេះថា «អ្នកការពាររបស់យើងបានទប់ស្កាត់ ការប៉ុនប៉ងវាយប្រហារដ្រូនទ្រង់ទ្រាយធំលើទឹកដីនៃតំបន់ Bryansk ស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន»។ លោកបន្ថែមទៀតថាដ្រូនយ៉ាងហោច ២៦គ្រឿង ត្រូវបានកំណត់គោលដៅ និងកម្ទេចចោលដោយយោធារុស្ស៉ី ដោយមិនបានបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួស ឬក៏ការខូចខាតអ្វីឡើយ។
បើតាមលោក Bogomaz កាលពីថ្ងៃទី២១ ខែសីហា យោធារុស្ស៉ីក៏បានទប់ស្កាត់ការប៉ុនប៉ងមួយរបស់អ៊ុយក្រែនផងដែរ ក្នុងការបញ្ជូនក្រុមស៊ើបការណ៍ ចូលក្នុងតំបន់ Bryansk។ ដោយឡែក លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានឱ្យដឹងថាកាលពីយប់ឈានចូលថ្ងៃអាទិត្យនេះ ដ្រូន ៥គ្រឿងត្រូវបានបញ្ជាឆ្ពោះតម្រង់ ទៅកាន់រដ្ឋធានីមូស្គូ តែដ្រូនទាំងនោះត្រូវបានកម្ទេចដោយកងកម្លាំងរុស្ស៉ី។
ការវាយប្រហារដោយដ្រូនទាំងនេះ កើតមានឡើងចំពេលកងទ័ពអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពីថ្ងៃទី៦ ខែសីហា មក៕