(ប៉ារីស)៖ គណបក្សឆ្វេងនិយមជ្រុល ឡា ហ្វ្រង់ អាំងស៊ូមី (La France Insoumise) នៅក្នុងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា បានអំពាវនាវឱ្យគណបក្សនយោបាយ ផ្សេងទៀត គាំទ្រដល់យុទ្ធនាការរបស់ខ្លួន ដើម្បីបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Emmanuel Macron ចេញពីតំណែង ដោយសារតែបរាជ័យធ្ងន់ធ្ងរក្នុងការអនុវត្តភារកិច្ចរបស់លោក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Macron បច្ចុប្បន្ន កំពុងប្រឈមមុខនឹងសម្ពាធពីសំណាក់គណបក្ស La France Insoumise ឬហៅកាត់ថា LFI និងគណបក្សជាសម្ព័ន្ធមិត្ត គឺគណបក្ស Green, Socialist និង Communist ដែលស្ថិតនៅក្នុងសម្ព័ន្ធគណបក្សឆ្វេងនិយម NFP បន្ទាប់ពីរូបលោកបានបដិសេធតែងតាំងបេក្ខជនរបស់សម្ព័ន្ធគណបក្សឆ្វេងនិយម គឺលោកស្រី Lucie Castets ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ក្រោយការបោះឆ្នោតសភាមុនអាណត្តិដ៏ចម្រូងចម្រាសកាលពីខែកក្កដាកន្លងទៅ។ ខណ​ៈសម្ព័ន្ធគណបក្សឆ្វេងនិយម NFP បានទទួលអាសនៈភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិ ប៉ុន្តែក៏គ្មានគណបក្សណាមួយទទួលបានអាសនៈភាគច្រើនគ្រប់គ្រាន់នោះដែរ។

នៅក្នុងសេចក្ដីព្រាងដំណោះស្រាយនៃនីតិវិធីបោះឆ្នោតដកតំណែង ដែលត្រូវបានបញ្ជូនទៅដល់ដៃសមាជិករដ្ឋសភាមកពីគណបក្សដទៃទៀតដើម្បីប្រមូលហត្ថលេខាគំាទ្រ ក្រុមសមាជិក រដ្ឋសភាមកពីគណបក្ស LFI បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋសភា និងព្រឹទ្ធសភា អាច និងត្រូវតែការពារប្រជាធិបតេយ្យប្រឆាំងនឹងប្រធានាធិបតីម្នាក់ដែលកំពុងមានទំនោរទៅរកផ្ដាច់ការ»

គួរបញ្ជាក់ថា ការប៉ុនប៉ងដកតំណែងលោក Macron តាមរយៈនីតិវិធីបោះឆ្នោតដកតំណែង អនុលោមតាមមាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញបារាំង នឹងត្រូវប្រឈមឧបសគ្គជាច្រើន ពីព្រោះដើម្បីទម្លាក់ លោក Macron គេត្រូវការសំឡេងគាំទ្រ ២ភាគ៣ ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភារួមបញ្ចូលគ្នា។ លោក Macron បានចេញមុខការពារការសម្រេចចិត្តមិនតែងតាំងលោកស្រី
Lucie Castets ជានាយករដ្ឋមន្ត្រី ដោយនិយាយថាលោកមាន ភារកិច្ចការពារ «ស្ថិរភាពប្រទេសជាតិ»