(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសាជាថ្មីឱ្យសហរដ្ឋអាមេរិក បើកភ្លើងបៃតងសម្រាប់ទីក្រុងកៀវ វាយប្រហារចូលជ្រៅក្នុងទឹកដី រុស្ស៉ី បន្ទាប់ពីមន្ត្រីរបស់លោកបានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាច្រើនជាង ៥០ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន បានដាក់កំហិតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលខ្លួនផ្ដល់ឱ្យ តែនៅលើទឹកដីអ៊ុយក្រែន និងអាចវាយប្រហារចូលដីរុស្ស៉ីត្រឹមតែ ជាការការពារខ្លួនប៉ុណ្ណោះ។ ថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី ជាថ្មីម្ដងទៀតបានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកចេញការរឹតត្បិត ទាំងនោះ។
តាមលោក ហ្សេលេនស្គី ការការពារដែនអាកាសអ៊ុយក្រែន ពីការទម្លាក់គ្រាប់បែករបស់រុស្ស៉ី គឺជាការបោះជំហានមួយដ៏រឹងមាំ ដើម្បីបង្ខំឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាម និងត្រឡប់ ទៅរកសន្តិភាពវិញ។ «ជាការអំពាវនាវទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ណ យើងត្រូវការជាចាំបាច់នូវសមត្ថភាពពិតប្រាកដ និងពេញលេញ ដើម្បីការពារអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។ ដូច្នេះយើងត្រូវការការអនុញ្ញាតសម្រាប់ទាំងការប្រើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ និងមីស៊ីល ឬគ្រាប់បែក រយៈចម្ងាយឆ្ងាយរបស់ពួកអ្នក»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចតួយ៉ាងដូចជាអាល្លឺម៉ង់ នៅតែមានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធដែល ពួកគេផ្ដល់ឱ្យវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី បើទោះជាឥលូវកងទ័ពអ៊ុយក្រែនបានវាយលុកចូលតំបន់ Kursk របស់រុស្ស៉ីក៏ដោយ។ ដ្បិតបារម្ភខ្លាចពីការផ្ទុះរាលដាល ទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមដោយផ្ទាល់រវាង NATO និងរុស្ស៉ី។ ម្យ៉ាងការទប់ស្កាត់សង្រ្គាមបែបនេះកុំឱ្យផ្ទុះឡើង គឺជាអាទិភាពមួយរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលតែងតែលើកឡើងជារឿយៗថានឹងមិនបញ្ជូនកងទ័ពអាមេរិកឱ្យទៅជួយអ៊ុយក្រែន ច្បាំងជាមួយរុស្ស៉ីដោយផ្ទាល់នោះទេ៕