(ប៉េកាំង)៖ នៅជាយក្រុងភាគខាងលិចនៃទីក្រុងកំពង់ផែ Dar Es Salaam ក្នុងប្រទេសតង់ហ្សានីមានទីបច្ចាដ៏ស្ងប់ស្ងាត់មួយកន្លែង។ នៅក្រោមផ្កាពណ៌សដែលរីកស្គុះស្គាយនៅលើដើមឈើ ផ្នូរថ្មក្រានីតជាជួរៗត្រូវបានរៀបចំយ៉ាងល្អស្អាតនិងផ្ចិតផ្ចង់។ នេះជាទីបញ្ចុះសពរបស់អ្នកជំនាញចិន ដែលបានជួយប្រទេសតង់ហ្សានី។ លោក Omari អ្នកយាមផ្នូរអាយុ ៤៣ ឆ្នាំកំពុងជូតសំអាតស្លាកផ្នូរសំខាន់នៅច្រកចូលដោយប្រុងប្រយ័ត្ន។

ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ គឺជាថ្ងៃដែលលោក Omari "ចងចាំជារៀងរហូត"។ នៅថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិនដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង នៅប្រទេសតង់ហ្សានី ដែលអមដំណើរដោយលោក Kikwete ប្រធានាធិបតីតង់ហ្សានីបានធ្វើដំណើរពិសេស ទៅកាន់ទីបញ្ចុះសព ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជនពលីជីវិត ដែលត្រូវបានបញ្ចុះសពនៅទីនេះ។

លោក Xi Jinping បានសរសើរពួកគេថាជា "វីរបុរសដែលបានបង្កើតវិមាននៃមិត្តភាពចិន-តង់ហ្សានី និងចិន-អាហ្វ្រិក"។ នៅទសវត្សរ៍ឆ្នាំ ១៩៧០ អ្នកជំនាញ និងអ្នកបច្ចេកទេសចិនរាប់ម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់មហាសាគរទៅកាន់ទ្វីបអាហ្រ្វិក ធ្វើការតស៊ូជាមួយប្រជាជនតង់ហ្សានីនិងប្រជាជនសំប៊ី ហើយបានសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីដែលត្រូវបានគេស្គាល់ថា ជាផ្លូវមិត្តភាពនិងផ្លូវសេរីភាព ដែលកសាងឡើងដោយញើសឈាម រហូតដល់បូជាជីវិត។

ផ្លូវដែកហ្សានី-សំប៊ីឆ្លងកាត់ភ្នំខ្ពស់ និងជ្រលងជ្រៅ ទន្លេ និងបឹង ព្រៃឈើ វាលស្មៅ និងវាលភក់ដីសើម ដែលមានប្រវែងសរុប ១៨៦០.៥ គីឡូម៉ែត្រ ។ ភាពខុសគ្នានៃសណ្ឋានដីដ៏ស្មុគស្មាញ និងទីទាបទីខ្ពស់បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់ការងារសាងសង់ អ្នកសាងសង់ក៏ត្រូវប្រឈមមុខនឹងការលំបាក ដែលមិនអាចនឹកស្មានដល់ ដូចជា កង្វះខាតពេទ្រនិងនិងឱសថ កង្វះអាហារ អាកាសធាតុក្តៅ និងជំងឺរាតត្បាតជាដើម។

ផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីបានចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ ១៩៧០ ហើយត្រូវបានប្រគល់ជាផ្លូវការទៅរដ្ឋាភិបាល នៃប្រទេសតង់ហ្សានី និងសំប៊ីក្នុងខែកក្កដាឆ្នាំ ១៩៧៦។ បន្ទាប់ពីការប្រគល់នេះ អ្នកជំនាញចិនក៏បានធ្វើការបណ្តុះបណ្តាល គ្រប់ជ្រុងជ្រោយដល់បុគ្គលិកក្នុងស្រុកផងដែរ។ រដ្ឋាភិបាលទាំងបីបន្តអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេស លើគម្រោងផ្លូវដែកតង់ហ្សានី-សំប៊ី។

ក្នុងចំណោមវីរជនចិនដែលគេងស្ដូកស្ដឹង នៅទីបញ្ចុះសពនេះ ក្នុងនោះ មាន ៥១ នាក់បានបាត់បង់ជីវិតនៅក្នុងការសាងសង់ផ្លូវដែក និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយ ១៩ នាក់បានលះបង់ជីវិតដ៏មានតម្លៃរបស់ពួកគេនៅក្នុង ជំនួយសហប្រតិបត្តិការផ្សេងទៀត ដល់ប្រទេសតង់ហ្សានី។

លោក Omari បានថ្លែងថា ពួកគេគឺជាវីរបុរសពិតប្រាកដ ហើយតង់ហ្សានី នឹងចងចាំបងប្អូនជនជាតិចិនជានិច្ច។ ការងារប្រចាំថ្ងៃ របស់លោក Omari ក៏រួមទាំងទទួលបដិសណ្ឋារកិច្ចមនុស្ស មកពីជុំវិញពិភពលោកផងដែរ អ្នកខ្លះមកទីនេះជាពិសេស ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ អ្នកផ្សេងទៀតមកជាពិសេស ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រមួយនេះ។ លោក Omari ថ្លែងថា ខ្ញុំនឹងពន្យល់ពួកគេអំពីប្រវត្តិផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីនិងរឿងរ៉ាវរបស់បងប្អូនជនជាតិចិនដែលគាំទ្រតង់ហ្សានី"។

លោក Omari ថ្លែងថា ប្រទេសចិនចាត់ទុកតង់ហ្សានីថាជាមិត្តពិតប្រាកដ មិត្តភាពបែបនេះបានឆ្លងកាត់ព្យុះភ្លៀង និងគង់វង្សស្ថិតស្ថេរជារៀងរហូត វានឹងបន្តនាំមកនូវកិច្ចសហប្រតិបត្តិការមិត្តភាព និងផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងៗ ដល់ប្រជាជនរបស់ប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន