(ប៉េកាំង)៖ ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា កិច្ចសហប្រតិបត្តិការត្រូវការភាពស្មោះត្រង់ ការគោរពគ្នា និងការឱ្យតម្លៃស្មើគ្នា។ យ៉ាងណាមិញ ការធ្វើជំនួញក៏ដូចគ្នាដែរ ពោលត្រូវធ្វើឡើងក្រោមលក្ខខណ្ឌស្មើភាព យុត្តិធម៌ និងស្មោះត្រង់ ដើម្បីបានផលចំណេញ ទាំងសងខាង ។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងលើកលែងពន្ធទៅវិញទៅមក សំដៅកាត់បន្ថយថ្លៃដើមនៃការនាំចេញ។
ជាការពិតណាស់ ទីផ្សារគឺជាសមរភូមិប្រកួតប្រជែងមួយ។ មានការប្រកួតប្រជែងទើបមានការរីកចម្រើន ទើបមានការអភិវឌ្ឍផលិតផល កាន់តែថ្មី កាន់តែប្លែក កាន់តែជឿនលឿននិងកាន់តែមានគុណភាពខ្ពស់។ ក៏ប៉ុន្តែការប្រកួតប្រជែងត្រូវធ្វើឡើងក្រោមរូបភាពយុត្តិធម៌ និងគោរពតាមច្បាប់ពាណិជ្ជកម្ម ដោយមិនត្រូវធ្វើឱ្យក្លាយទៅជានយោបាយនីយកម្ម ឬមានការជ្រៀតជ្រែកនិងការដាក់កំហិតខុសទំនង ពីសំណាក់រដ្ឋាភិបាលនោះទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសនានាបានខិតខំបង្វែរទិសដៅអភិវឌ្ឍទៅរកការអភិវឌ្ឍបៃតង តាមរយៈការដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះ ការធ្វើបរិវត្តកម្មថាមពលបៃតងជាផ្នែកដ៏សំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ប្រទេសចិនដែលជាអ្នករួមចំណែកដ៏សំខាន់ សម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បានបោះជំហានយ៉ាងឆាប់រហ័ស ក្នុងវិស័យអភិវឌ្ឍថាមពលបៃតង ព្រមទាំងធ្វើការចែករំលែកសមិទ្ធផលរបស់ខ្លួន ជាពិសេសផលិតផលថាមពលថ្មីជាមួយ ពិភពលោកទាំងមូល ជាប់រហូតមក។ ក៏ប៉ុន្តែ ភាពរីកចម្រើននៃបច្ចេកវិទ្យាថាមពលថ្មីរបស់ចិន បានធ្វើឱ្យកម្លាំងប្រកួតប្រជែង នៃបស្ចិមប្រទេសមួយចំនួនចាញ់ប្រៀប ហើយក៏ងាកទៅរកការអនុវត្តគោលនយោបាយគាំពារនិយម ដោយចាត់ទុក «សហគ្រាស ក្នុងស្រុកជាអាទិភាព» ពោលគឺបានដាក់កំហិតចំពោះ ការនាំចូលផលិតផលថាមពលថ្មីរបស់ប្រទេសចិន ដូចជាការដំឡើងពន្ធនាំចូលជាដើម។
និយាយចំពោះអ្នកប្រើប្រាស់ អ្វីដែលយើងចង់បាន គឺអាចទិញបានទំនិញក្នុងតម្លៃថោកសមរម្យ និងធន់ល្អ ដូច្នេះការដំឡើងពន្ធគយនឹងធ្វើឱ្យថ្លៃដើម នៃការនាំចូលកើនឡើង ហើយថ្លៃលក់ក្នុងទីផ្សារក៏កើនឡើងតាមហ្នឹងដែរ ។ លើសពីនេះទៅទៀត ការគាំពារនិយមដែលចាត់ទុកសហគ្រាសក្នុងស្រុក ជាអាទិភាពវាជួយដោះស្រាយបញ្ហារបស់សហគ្រាស ក្នុងស្រុកបានតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែមិនបានជួយជំរុញកម្លាំងប្រកួតប្រជែងអន្តរជាតិ របស់សហគ្រាសពាក់ព័ន្ធទេ ពិសេសការដំឡើងពន្ធនាំចូល ចំពោះផលិតផលបរទេស ប្រទេសពាក់ព័ន្ធក៏នឹងដំឡើងពន្ធដូចគ្នាដែរ ទីបំផុតគឺខាតបង់ផលប្រយោជន៍របស់សហគ្រាសនាំចេញ និងនាំចូលទាំងសងខាង ក៏ដូចជាប៉ះពាល់ដល់ផលប្រយោជន៍ របស់អ្នកប្រើប្រាស់។
យើងអាចគិតពិចារណាថា ប្រសិនជាគោលនយោបាយគាំពារនិយម វាមានប្រសិទ្ធភាពល្អហើយទទួលបាន ផលប្រយោជន៍ពិតៗមែននោះ ហេតុអ្វីបានជាសហគមន៍អន្តរជាតិនាំគ្នា ប្រឆាំងនឹងការគាំពារនិយម ? យើងមិនអាចគិតស្រមៃបានទេថា ប្រសិនជាគ្រប់ប្រទេសទាំងអស់ សុទ្ធតែដាក់ចេញគោលនយោបាយគាំពារនិយម តើពាណិជ្ជកម្មអន្តរជាតិអាចដំណើរការទៅរួចទេ ? ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការអន្តរជាតិទេ ក៏គ្មានការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាដែលនាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យនោះដែរ ។
អ្វីដែលគួរបញ្ជាក់គឺថា ក្រោមគោលនយោបាយកំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗ ចំពោះប្រទេសជាមិត្តទាំងអស់ និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ អាស្រ័យហេតុនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ត្រូវបានចុះហត្ថលេខាដោយប្រទេសចិន ជាមួយប្រទេសនិងតំបន់ជាដៃគូ ពិសេសគឺកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ត្រូវបានរំពឹងទុកថានឹងហុចផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំសម្បើម ក៏ដូចជាជំរុញភាពជាដៃគូនៃប្រទេសហត្ថលេខី ឱ្យកាន់តែស៊ីជម្រៅ សំដៅនាំមកនូវផលប្រយោជន៍និងសុភមង្គល ជូនប្រជាជនក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល។
លោក ស៊ី ជីនភីង ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានគូសរំលេចជាច្រើនលើក នៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ស្តីពីការគាំពារពហុភាគីនិយម ក៏ដូចជាលើកឡើងថាទ្វារបើកទូលាយរបស់ប្រទេសចិន នឹងមិនបិទជាដាច់ខាត ផ្ទុយទៅវិញគឺបើកកាន់តែធំទូលាយឡើងជាលំដាប់។
គោលនយោបាយបើកទូលាយក្នុងកម្រិតខ្ពស់ របស់ប្រទេសចិនគឺមានន័យថាចិន នឹងនាំចូលផលិតផលបរទេសកាន់តែច្រើនឡើងៗ ដើម្បីចែករំលែកកាលានុវត្តភាពនៃទីផ្សាររបស់ចិន ជាមួយបណ្តាប្រទេសជាមិត្ត ។ ក្នុងនោះ ផលិតផលរបស់កម្ពុជាកាន់តែច្រើនឡើងៗ បានបង្ហាញវត្តមានក្នុងទីផ្សាររបស់ប្រទេសចិន ដែលជំរុញឱ្យទំហំពាណិជ្ជកម្មទេ្វភាគី មានការកើនឡើងជាបន្តបន្ទាប់។
ជារួម ការអនុវត្តជាក់ស្តែងបានបង្ហាញយ៉ាងប្រចក្សថា ប្រសិនជាចង់បានភាពឈ្នះ-ឈ្នះ គ្រប់ភាគីត្រូវលះបង់គំនិតផលបូកសូន្យ និងគំនិតគាំពារនិយម ហើយងាកមកធ្វើកិច្ចសហប្រតិបត្តិការដោយភាពស្មោះត្រង់ យុត្តិធម៌និងស្មើភាព ទើបអាចសម្រេចបាន ផលប្រយោជន៍រួម៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន