(ប៉េកាំង)៖ ក្នុងរយៈពេលថ្មីៗនេះ ប្រទេសហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួន និងគំនិតឯកភាពគ្នារវាងចិន និងហ្វីលីពីនជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់ យ៉ាងខ្លាំង បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ថ្ងៃទី១៩ ខែសីហា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿង បានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹក Xian binនៃប្រជុំកោះ Nansha របស់ប្រទេសចិនដោយមិនបានទទួល ការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើវិធីដ៏គ្រោះថ្នាក់ បើកបំបុកដោយចេតនាមកលើ នាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ។ ថ្ងៃទី២៥ ខែសីហា ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹង ការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀត របស់ភាគីចិន ហើយបានទទូចចាត់បញ្ជូន នាវាផ្លូវការមកបំពានចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹក Xian bin នៃប្រជុំកោះ Nanshaរបស់ប្រទេសចិនដោយខុសច្បាប់ ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត។

ក្នុងអំឡុងពេលនេះ នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់ និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធ និងអនុវត្តច្បាប់ដោយប្រក្រតីភាព បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា។ នាវាហ្វីលីពីនដែលបង្កហេតុនេះ ក៏បាននាំអ្នកសារព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងលោកខាងលិច មកតាមដានថត ដើម្បីបំភ្លៃការពិត និងឃោសនាបំប៉ោងផងដែរ។ ថ្ងៃទី២៦ ខែសីហា ភាគីហ្វីលីពីនបានចាត់បញ្ចូននាវាឆ្មាំសមុទ្រពីរគ្រឿង មកបំពានចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹក Xian bin នៃប្រជុំកោះ Nanshaរបស់ប្រទេសចិនដោយមិនបានទទួល ការអនុញ្ញាតពីរដ្ឋាភិបាលចិនម្តងទៀត ហើយបានបន្តបរកៀកជិតនាវាឆ្មាំសមុទ្រចិន ដែលកំពុងធ្វើដំណើរជាប្រក្រតី ប្រកបដោយគ្រោះថ្នាក់ ព្រទាំងធ្វើការឃោសនាបំប៉ោងទៀតផង។

ឥស្សរជនវិភាគបានលើកឡើងថា ភាគីហ្វីលីពីនបានបន្តបង្កហេតុលើបញ្ហាសមុទ្រចិនខាងត្បូង ជាបន្តបន្ទាប់នាពេលថ្មីៗនេះ គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់អាមេរិក និងប្រទេសដទៃទៀតនៅក្រៅតំបន់នេះបានឡើយ។ ថ្ងៃទី២៧ ខែសីហា តាមម៉ោងក្នុងតំបន់ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់កងទ័ពអាមេរិកបានប្រកាស ក្នុងអំឡុងពេលវេទិកាយោធាមួយ ដែលរៀបចំដោយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកថា នាវាចម្បាំងរបស់អាមេរិកអាចអមការពារ នាវាផ្គត់ផ្គង់សម្ភារៈរបស់ហ្វីលីពីននៅដែនសមុទ្រចិនខាងត្បូង នេះគឺជា "ជម្រើសសមហេតុផលទាំងស្រុង"។

ដោយមានការគាំទ្រពីអាមេរិក ហ្វីលីពីនក៏បានចាប់ផ្តើម "អាងខ្នងអាងអំណាចនៅពីក្រោយ"។ នាយសេនាធិការចម្រុះ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានអះអាងថា នៅពេលដែលហ្វីលីពីន មិនអាចឆ្លើយតបនឹងប្រទេសចិនតែម្នាក់ឯង នោះហ្វីលីពីននឹងមិនត្រឹមតែស្វែងរក កិច្ចសហប្រតិបត្តិការជាមួយអាមេរិកប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ "ប្រទេសដែលមានឆន្ទៈដូចគ្នា" ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី២៧ ខែសីហា លោក Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន សឹងតែបានថ្លែងថា ប្រទេសចិនគឺជា "អ្នកបំផ្លាញសន្តិភាពអន្តរជាតិដ៏ធំបំផុត" នៅតំបន់អាស៊ីអាគ្នេយ៍។

ចំពោះករណីនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ស្លាកសញ្ញាដែលថាបំផ្លាញសន្តិភាព មិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត យើងដាស់តឿនឱ្យបុគ្គលមួយចំនួនរបស់ប្រទេសហ្វីលីពីន ប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះប្រភពដើមនៃបញ្ហា កុំដើរតាមផ្លូវបង្កហេតុនិងបំផ្លាញសន្តិភាព ក្នុងតំបន់ឱ្យកាន់តែឆ្ងាយទៅៗ កុំធ្វើការសម្តែងឆុតឆាក ដែលប្រែក្រឡាស់សខ្មៅ ហើយមួលបង្កាច់អ្នកដទៃអីសោះ។

ការគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង គឺជានិន្នាការទូទៅនិងសេចក្តីប្រាថ្នារួម របស់ប្រទេសក្នុងតំបន់។ ភាពត្រូវនិងខុសនៃវិវាទរវាងចិននិងហ្វីលីពីន ដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង គឺច្បាស់លាស់ណាស់ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង មានភស្តុតាងជាប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ គ្រប់គ្រាន់។ ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោងនេះទៅ បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងលើ ផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន