(នូគូអាឡូហ្វា)៖ វេទិកាដែនកោះប៉ាស៉ីហ្វិក បានសម្រេចចិត្តលុបចោលវិញ នូវការលើកឡើងអំពីកោះតៃវ៉ាន់ ចេញពីសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយកិច្ចប្រជុំប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកក្នុងវេទិកានេះ បន្ទាប់ពីបេសកជនចិន បានបញ្ចេញមតិរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។

ក្រុមប្រទេសខាងលើ ដែលមានសមាជិកសរុប១៨ប្រទេស ក្នុងនោះគឺរួមមាន៣ប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និង​១៥ប្រទេសទៀត ដែលទទួលស្គាល់ចិន។ ចិនជាម្ចាស់កម្ចីហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ របស់ក្រុមប្រទេសដែនកោះនៅប៉ាស៉ីហ្វិក ជាកន្លែង​ដែលទីក្រុងប៉េកាំង កំពុងព្យាយាមពង្រីកវត្តមានសន្តិសុខរបស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍រួម នៅលើវែបសាយនៃវេទិកាដែនកោះប៉ាស៉ីហ្វិក បានរួមបញ្ចូលចំណុចមួយ មានចំណងជើងថា «ទំនាក់ទំនង​ជាមួយតៃវ៉ាន់/សាធារណរដ្ឋចិន» ហើយបាននិយាយថា «មេដឹកនាំនៃបណ្តាប្រទេសសមាជិកវេទិកានេះ បានរួមគ្នាបញ្ជាក់យ៉ាងរឹងមាំជាថ្មី នូវការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកាលពីឆ្នាំ១៩៩២ ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់/សាធារណរដ្ឋចិន»

បេសកជនពិសេសចិន លោក Qian Bo បានបញ្ចេញប្រតិកម្មខឹងសម្បារចំពោះការលើកឡើងខាងលើអំពីតៃវ៉ាន់ ហើយបានប្រាប់​ក្រុមអ្នកសារព័ត៌មាន នៅប្រទេសតុងហ្កាថា ច្បាស់ណាស់វាគឺជាកំហុសមួយ។ នៅយប់ថ្ងៃសុក្រ សេចក្តីថ្លែងការណ៍រួមនោះ ត្រូវបានដកចេញ​ពីវែបសាយវិញ ហើយក្រោយមក ឯកសារថ្មីត្រូវបានបង្ហោះនាព្រឹកថ្ងៃសៅរ៍នេះ ដោយមិនមានការលើកឡើងអំពីតៃវ៉ាន់ទៀតឡើយ។

គួរបញ្ជាក់ថា ក្នុងនាមជាដៃគូអភិវឌ្ឍនៃវេទិកាដែនកោះប៉ាស៉ីហ្វិក ចាប់តាំងពីឆ្នាំ១៩៩៣ តៃវ៉ាន់បានបញ្ជូនអនុរដ្ឋមន្រ្តីការបរទេស លោក Tien Chung-Kwang មកកាន់ប្រទេសតុងហ្កា ដើម្បីជួបជាមួយសម្ព័ន្ធមិត្តទាំង៣របស់ខ្លួន នៅប៉ាស៉ីហ្វិក គឺប្រទេសដែនកោះ Palau, Tuvalu និង Marshall Islands។ តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តការទូតជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពោះមុខ​ការបង្កើនសម្ពាធរបស់ចិន។ តួយ៉ាងកាលពីខែមករា ដើមឆ្នាំនេះ ប្រទេស Nauru បានសម្រេចងាកទៅទទួលស្គាល់ចិន ខណៈប្រទេស Kiribati និង Solomon Islands បានដោះដៃចោលតៃវ៉ាន់ កាលពីឆ្នាំ២០១៩៕