(តៃប៉ិ)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយនៅថ្ងៃសុក្រនេះថា ចិនខ្វះសមត្ថភាពក្នុងការ «ឈ្លានពាន» ទាំងស្រុងលើកោះតៃវ៉ាន់ ដោយសារឧបសគ្គផ្នែកភូមិសាស្ត្រ និងកង្វះឧបករណ៍យោធាចាំបាច់ ប៉ុន្តែបានអះអាងថា ចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនឥតឈប់ឈរ និងសាកល្បងយុទ្ធសាស្ត្រថ្មីៗ ដើម្បីគំរាមកំហែងតៃវ៉ាន់ ដូចជាការគ្រប់គ្រងលើកប៉ាល់ដឹកទំនិញបរទេសនៅដែនទឹកជុំវិញកោះជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ចិនចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធលើកោះនេះទាំងផ្នែកយោធា និងនយោបាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាចិនអះអាងថាខ្លួនចង់បង្រួបបង្រួមដោយសន្តិវិធីក៏ដោយ ក៏ប្រទេសនេះមិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមកោះតៃវ៉ាន់នោះឡើយ។
នៅចំពោះមុខការគំរាមកំហែងពីចិន តៃវ៉ាន់ក៏បានបង្កើនការចំណាយលើវិស័យការពារជាតិ និងអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនផងដែរ។ ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការការពារកោះនេះ ដោយលោកថ្លែងថា «សន្តិភាពដែលសម្រេចបានដោយកម្លាំង គឺជាសន្តិភាពពិត»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់នៅតែបន្តកើនឡើង ហើយទំនងជានៅតែជាបញ្ហាក្តៅគគុកមួយនៅក្នុងឆ្នាំខាងមុខនេះ។ ទោះបីជាការឈ្លានពានពេញទំហឹងហាក់មិនទំនងកើតឡើងនៅពេលបច្ចុប្បន្នក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តប្រកួតប្រជែងគ្នាទាំងផ្នែកយោធា និងនយោបាយ ដែលអាចនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅពេលអនាគត៕