(សិង្ហបុរី)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Guterres នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតី Tharman Shanmugaratnam និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី Lawrence Wong និងទេសរដ្ឋមន្ត្រី Lee Hsien Loong។
លោក Guterres ក៏នឹងទៅទស្សនាកន្លែងសំខាន់ៗមួយចំនួននៅសិង្ហបុរី ដូចជាទំនប់ទឹក Marina Barrage និងបណ្ណាល័យប្រចាំតំបន់ Punggol ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានិរន្តរភាព និងឌីជីថលូបនីយកម្ម។
នេះជាលើកទីមួយហើយ ដែលលោក Guterres បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះបីជាលោកធ្លាប់បានឆ្លងកាត់ប្រទេសនេះកាលពីឆ្នាំ ២០២២ ក៏ដោយ៕