(ប៉េកាំង)៖ រសៀលថ្ងៃទី ២៩ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក X i Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក។

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិ ដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។ ប្រជាជនសង្ឃឹមមានការបើក ទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។ ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយធ្វើជាអ្នកជំរុញស្ថិរភាពនិងការអភិវឌ្ឍរួមនៃពិភពលោក។

លោក Xi Jinping បានបន្តថា ទោះបីជាស្ថានការណ៍ក្នុងប្រទេសទាំងពីរចិននិងអាមេរិក និងទំនាក់ទំនងរវាងចិននិងអាមេរិក កើតមានការប្រែប្រួលយ៉ាងខ្លាំងក្តី ប៉ុន្តែគោលដៅរបស់ចិនដែលខិតខំរក្សា ឱ្យទំនាក់ទំនងចិន-អាមេរិក អភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ និងនិរន្តរភាពគឺមិនដែលកែប្រែទេ, គោលការណ៍សម្រាប់ដោះស្រាយទំនាក់ទំនងចិន-អាមេរិក ដោយឈរលើការគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺមិនដែលកែប្រែទេ, គោលជំហរដែលគាំពារអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិគឺមិនដែលកែប្រែទេ, ការខិតខំដើម្បីបន្តរឹតបន្តឹងចំណងមិត្តប្រពៃណីរវាងប្រជាជនចិននិងអាមេរិកក៏មិនដែលកែប្រែដែរ។ សង្ឃឹមថា ភាគីអាមេរិកនឹងបោះជំហានទៅកាន់ទិសដៅដូចគ្នាជាមួយចិន យល់ដឹងពីការអភិវឌ្ឍរបស់ចិន ដោយអាកប្បកិរិយាវិជ្ជមាន និងសត្យានុម័ត ចាត់ទុកការអភិវឌ្ឍរវាងគ្នានិងគ្នាជាឱកាសតែពុំមែនជាបញ្ហាប្រឈម ហើយរួមជាមួយភាគីចិនស្វែងរក មធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នា រវាងប្រទេសធំទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន