(មូស្គូ)៖ តុលាការយោធាក្រុងមូស្គូ បានសម្រេចដាក់ លោក Pavel Popov អតីតអនុរដ្ឋមន្រ្តីការពារជាតិ ឱ្យស្ថិតនៅក្រោមការឃុំខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយជាប់សង្ស័យពីបទក្លែងបន្លំ ជុំវិញការស៉ើបអង្កេតករណីពុករលួយរបស់ក្រុមមន្ត្រី ពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។
សំណុំរឿងក្តី លោក Popov ដែលកាន់តួនាទីជាអនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី តាំងពីឆ្នាំ ២០១៣មក គឺជាការស៉ើបអង្កេតទី ៣ហើយ ទៅលើមន្ត្រីការពារជាតិជាន់ខ្ពស់ ពាក់ព័ន្ធនឹងការសាងសង់សួនកម្សាន្តយោធាមួយ ក្បែរទីក្រុងមូស្គូ។ តុលាការបញ្ជា ឱ្យឃុំខ្លួន លោក Popov រហូតដល់ថ្ងៃទី២៩ ខែតុលា ខណៈដែល លោក Popov បដិសេធប្រព្រឹត្តខុស។ លោក Popov អាយុ ៦៧ឆ្នាំ បញ្ចប់ការសិក្សាពីសាលាយោធា និងបានបម្រើការរយៈពេល ១៧ឆ្នាំនៅក្នុងក្រសួងកិច្ចការសង្គ្រោះបន្ទាន់របស់រុស្ស៉ី។
គួរបញ្ជាក់ថា លោក Popov ស្ថិតក្នុងចំណោមមន្រ្តីជាច្រើននាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ កាលពីខែមេសា។ មកដល់ខែឧសភា ភ្លាមៗបន្ទាប់ពីមានការចាប់ខ្លួនជាបន្តបន្ទាប់ ប្រធានាធិបតីលោក ពូទីន បានដកលោក Shoigu ពីតំណែងរដ្ឋមន្រ្តីការពារជាតិ ជាវិធានការមួយបង្ហាញពីរបៀបគ្រប់គ្រងកាន់តែតឹងរ៉ឹង និងលុបបំបាត់អំពើពុករលួយក្នុងក្រសួង៕