(ម៉ានីល)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ហ្វីលីពីននិងវៀតណាម នឹងចុះកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។
នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Phan Van Giang កំពុងស្ថិតនៅទីក្រុងម៉ានីល ដើម្បីបើកកិច្ចពិភាក្សាគ្នាជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro។ ការចុះកិច្ចព្រមព្រៀងការពារជាតិនេះ គឺស្របពេលហ្វីលីពីនដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បាននិងកំពុងប្រឈមមុខគ្នាសឹងតែរៀងរាល់សប្តាហ៍ ជាមួយចិននៅសមុទ្រចិនខាងត្បូង។ វៀតណាមក៏មានបញ្ហាវិវាទទឹកដីជាមួយចិន នៅសមុទ្រចិនខាងត្បូងដែរ ប៉ុន្តែទន្ទឹមគ្នា ខ្លួនព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិន ជាទំនាក់ទំនង ដែលត្រូវបានកសាងរាប់ទសវត្សរ៍មកហើយ រវាងបក្សកុម្មុយនិស្តនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទោះបីមានការទាមទារចំណែកត្រួតគ្នា នៅទីប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូងក៏ដោយ ហ្វីលីពីននិងវៀតណាម បានបង្ហាញបំណងធ្វើការរួមគ្នា ដើម្បីដោះស្រាយវិវាទ ដោយសន្តិវិធី។ ក្នុងខែសីហានេះ ឆ្មាំសមុទ្រនៃប្រទេសទាំងពីរ បានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង។ សមយុទ្ធនោះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីដើមឆ្នាំនេះ ហើយបានចុះកិច្ចព្រមព្រៀង ដែលផ្តោតលើការទប់ស្កាត់ឧប្បត្តិហេតុ នៅសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ៕