(យូអិន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា បាននិយាយថាយោធាអ៉ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមផ្អាក ការវាយប្រយុទ្ធគ្នារយៈពេល៣ថ្ងៃ នៅតាមតំបន់ ៣ដាច់ដោយឡែកពីគ្នា ក្នុងតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​ស្វិត​ដៃ​ជើង ​ឬ​ Polio ក្នុងជុំទី១ សម្រាប់ កុមារ ៦៤០ ០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Rik Peeperkorn ជាតំណាង WHO ប្រចាំដែនដីប៉ាឡេស្ទីន បានឱ្យដឹងថាការផ្អាកបាញ់រយៈពេល៣ថ្ងៃ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៣រសៀល (ម៉ោងក្នុងតំបន់) នៅតាមតំបន់ចំនួន៣ ក្នុងតំបន់ហ្កាហ្សា។ លោកបានបន្ថែមថាយុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើឡើងក្នុងតំបន់ភាគកណ្ដាល នៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ហ្កាហ្សា ជាមួយការផ្អាកបាញ់រយៈពេល៣ថ្ងៃដាច់ដោយឡែកពីគ្នា ហើយការផ្អាកបាញ់នេះទៀតសោតអាចនឹងពន្យារដល់៤ថ្ងៃ ក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានប្រាប់ Reuters ថាពួកគេស្វាគមន៍ព័ត៌មានខាងលើ ហើយថានឹងធ្វើការជាមួយបណ្ដាអង្គការអន្តរជាតិ ដើម្បីជួយសម្រួលដល់យុទ្ធនាការចាក់វ៉ាក់សាំង។ រីឯ ខាងអ៉ីស្រាអែលវិញបាននិយាយថាយុទ្ធនាការចាក់វ៉ាក់សាំងនឹងត្រូវធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយយោធារបស់ខ្លួន ក្រោមក្របខណ្ឌនៃការផ្អាកបាញ់មនុស្សធម៌ដែលនឹង អនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនចូលទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាទីដែលយុទ្ធនាការចាក់វ៉ាក់ត្រូវធ្វើឡើង៕