(ប៉េកាំង)៖ ចិន និងសិង្ហបុរី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅជិតទីក្រុងចាន់ជាំង (Zhanjiang) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
កងកម្លាំងដែលចូលរួម រួមមាននាវាចម្បាំងដឹកនាំដោយមីស៊ីល Sanya និងនាវាបោសសម្អាតមីន Hejian របស់ប្រទេសចិន និងកប៉ាល់ចម្បាំងលេខ៧២ របស់កងទ័ពជើងទឹកសិង្ហបុរី ដែលបានប្រមូលផ្ដុំគ្នានៅថ្ងៃព្រហស្បតិ៍នៅកំពង់ផែយោធា ក្នុងទីក្រុង Zhanjiang។
សមយុទ្ធ "China-Singapore Exercise Cooperation 2024" នេះ គឺជាសមយុទ្ធទ្វេភាគីលើកដំបូងរវាងកងទ័ពជើងទឹកចិន និងសិង្ហបុរី ដែលធ្វើឡើងនៅក្នុងប្រទេសចិន។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរវិជ្ជាជីវៈ និងការហ្វឹកហ្វឺនលើប្រធានបទដែលគ្របដណ្តប់លើវិធានការប្រឆាំងនឹងមីន ការជួយសង្គ្រោះនាវាមុជទឹក ការវាយប្រហាររួមគ្នា ប្រតិបត្តិការបំពេញបន្ថែម ការស្វែងរក ការជួយសង្គ្រោះ និងការត្រួតពិនិត្យ។
សមយុទ្ធនេះត្រូវបានរំពឹងថា នឹងពង្រឹងយន្តការទៀងទាត់សម្រាប់កងទ័ពជើងទឹកនៃប្រទេសចិន និងសិង្ហបុរី ដើម្បីធ្វើជាម្ចាស់ផ្ទះសមយុទ្ធរួមគ្នាជារៀងរាល់ឆ្នាំ៕