(ប៉េកាំង)៖ ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មី ជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង។

លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិក បានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធ និងមេរៀនពី ក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគត ឱ្យកាន់តែល្អប្រសើរ និងស្វែងរកផ្លូវ ដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក លោកបានលើកសំណើរ ៥ ចំណុច។

ទី ១ ទំនាក់ទំនងចិន-អាមេរិកគួររក្សាទិសដៅត្រឹមត្រូវ ពោលគឺត្រូវដឹកនាំដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
ទី ២ ចិននិងអាមេរិកត្រូវបញ្ចៀសការកើតមានជម្លោះនិងការប្រឈមមុខដាក់គ្នា ពោលគឺត្រូវគោរពតាមសេចប្រកាសរួមទាំងបី។
ទី ៣ ចិននិងអាមេរិកត្រូវផ្តល់កិច្ចសម្រួលសម្រាប់ការផ្លាស់ប្តូរ ពោលគឺត្រូវមានសមភាព។
ទី ៤ ទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវមានស្ថិរភាពនិងយូរអង្វែង ពោលគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន។
ទី ៥ ចិននិងអាមេរិកត្រូវសម្រេចឱ្យបាននូវការរួមរស់ដោយសន្តិសហវិជ្ជមាន ពោលគឺត្រូវមានការយល់ដឹងពីគ្នាដ៏ត្រឹមត្រូវ។

លោក Sullivan បានថ្លែងថា អាមេរិកនិងចិនមានការខ្វែងគំនិតគ្នា និងការប្រកួតប្រជែងគ្នា ប៉ុន្តែក៏មានវិស័យជាច្រើន ដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការផងដែរ។ លោកយល់ស្របថា ត្រូវមានសមភាពទៅវិញទៅមក ហើយការប្រកួតប្រជែងក៏គួរប្រព្រឹត្ត ទៅដោយភាពស្អាតស្អំនិងយុត្តិធម៌។ សហរដ្ឋអាមេរិកគ្មានបំណងផ្តាច់ ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននោះទេ។

ភាគីអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងមិនគាំទ្រឱ្យ "តៃវ៉ាន់ឯករាជ្យ" "ប្រទេសចិនពីរ" ឬ "ចិនមួយតៃវ៉ាន់មួយ" នោះទេ។ អាមេរិក និងចិននឹងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាយូរអង្វែងនៅលើភពផែនដីនេះ ក្នុងរយៈពេលដ៏យូរ ហើយគោលដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺស្វែងរកវិធីអភិវឌ្ឍន៍ដែលប្រកបដោយ ចីរភាពសម្រាប់ទំនាក់ទំនងរវាងអាមេរិកនិងចិន។ អាមេរិកមានឆន្ទៈបន្តរក្សាការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស៕

វិទ្យុមិត្តភាពកម្ពុជាចិន