(តេហ្គូស៉ីហ្កាល់ប៉ា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសហុងឌូរ៉ាសបានប្រកាសថា ខ្លួននឹងបញ្ចប់សន្ធិសញ្ញា ស្តីពីការធ្វើបត្យាប័នឧក្រិដ្ឋជន ជាមួយសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ថា ទីក្រុងវ៉ាស៉ីនតោនលូកដៃជ្រៀតជ្រែក ក្នុងទំនាក់ទំនងរវាងហុងឌូរ៉ាស និងវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បាននិយាយថា ការជ្រៀតជ្រែកនិងអន្តរាគមន៍និយមរបស់សហរដ្ឋអាមេរិក បូករួមជាមួយចេតនារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការគ្រប់គ្រងនយោបាយរបស់ហុងឌូរ៉ាស តាមរយៈស្ថានទូតនិងតំណាងដទៃៗទៀត គឺមិនអាចអត់ឱនជាដាច់ខាត ដូច្នេះហើយលោកស្រី បានបង្គាប់ឱ្យក្រសួងការបរទេសហុងឌូរ៉ាស លុបចោលសន្ធិសញ្ញាខាងលើ។ រដ្ឋាភិបាលរបស់លោកស្រី Castro គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយ របស់វ៉េណេស៊ុយអេឡា ដែលឥឡូវកំពុងស្ថិតក្រោម សម្ពាធរបស់ទីក្រុងវ៉ាស៉ីនតោន និងប្រទេសដទៃទៀត បន្ទាប់ពីការជាប់ឆ្នោតដ៏ចម្រូងចម្រាស របស់ប្រធានាធិបតីលោក Nicolas Maduro។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងធ្វើបត្យាប័ននោះ ត្រូវបានចាត់ទុកជា ឧបករណ៍ដ៏សំខាន់ ក្នុងការរុះរើ «រដ្ឋគ្រឿងញៀន» ដែលបើតាមអាជ្ញាធរអាមេរិក គឺត្រូវបានបង្កើតឡើងនៅហុងឌូរ៉ាស នៅពេលលោក Juan Orlando Hernandez ជាប្រធានាធិបតី កាលពីចន្លោះឆ្នាំ២០១៤-២០២២។ ជនជាតិហុងឌូរ៉ាសសរុប៥០នាក់ ដែលរងការចោទប្រកាន់ពីបទជួញដូរគ្រឿង ត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក អំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះរួមមានទាំងលោក Hernandez ដែលត្រូវបានផ្តន្ទាទោស កាលពីខែមិថុនា នៅទីក្រុង New York ដាក់ពន្ធនាគារ៤៥ឆ្នាំ៕