(ប៉ារីស)៖ ចៅក្រមម្នាក់នៅក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៨ ខែសីហា បានដាក់ឱ្យស្ថាបនិក និងជា CEO ក្រុមហ៊ុន Telegram លោក Pavel Durov ស្ថិតនៅក្រោម ការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្ត នៅលើកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ ប៉ុន្តែបានអនុញ្ញាតឱ្យមហាសេដ្ឋីមាន ដើមកំណើតរុស្ស៉ីរូបនេះអាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ ៥លានអឺរ៉ូ ឬ៥.៥៦លានដុល្លារ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋអាជ្ញាបារាំង លោកស្រី Laure Beccuau បានបញ្ជាក់ថា ចៅក្រមបានរកឃើញថាមានភស្តុតាងជាច្រើន ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ លើលោក Durov ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងឡាយ នៅពេលដែលរូបលោកត្រូវបានចាប់ខ្លួនកាលពីជាង ៤ថ្ងៃមុន។ ការចោទប្រកាន់ទាំងនោះរួមមានការបណ្ដោយ ឱ្យមានការបង្ហោះរូបភាពអាសអាសភារបស់កុមារ ការឆបោក ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំនៅលើកម្មវិធី Telegram ព្រមទាំងការបដិសេធសហការជាមួយ អាជ្ញាធរជាដើម។
មេធាវីរបស់លោក Durov មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។ តែជាមួយការអនុញ្ញាតឱ្យនៅក្រៅឃុំ លោក Durov ត្រូវរាយការណ៍ប្រាប់ប៉ូលិសបារាំង ២ដងក្នុងមួយសប្ដាហ៍ និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសបារាំងនោះទេ។
ក្រោមច្បាប់បារាំង ការដាក់ឱ្យនៅក្រោមការស៊ើបអង្កេតជាផ្លូវការ មិនមែនមានន័យថា លោក Durov មានពិរុទ្ធ នោះទេ ឬក៏ចាំបាច់ត្រូវតែឡើងសវនាការនោះដែរ។ ប៉ុន្តែតាមរយៈវិធានការនេះ ចៅក្រមអាចពិចារណាថា តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ឬក៏យ៉ាងណា? ការស៊ើបអង្កេតអាចចំណាយពេលច្រើនឆ្នាំក៏មាន មុននឹងមានការសម្រេចចិត្តថា ត្រូវបើកសវនាការ ឬក៏ត្រូវបិទបញ្ចប់សំណុំរឿង។
គួរបញ្ជាក់ថា លោក Pavel Durov ត្រូវបានប៉ូលិសបារាំងចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពី ថ្ងៃសៅរ៍ សប្ដាហ៍មុនមក បន្ទាប់ពីរូបលោកធ្វើដំណើរតាមយន្ដហោះឯកជនចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស៕