(បែរឡាំង)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងការគំរាមកំហែងពីក្រុមស្ដាំនិយមជ្រុល នៅក្នុងចក្រភពអង់គ្លេស និងបានអំពាវនាវឱ្យគណបក្សចម្រើននិយមទាំងអស់ក្នុងតំបន់អឺរ៉ុប រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមរួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភាពចលាចល និងអំពើហិង្សា បានកើតឡើងក្នុងចក្រភពអង់គ្លេសកាលពីដើមខែសីហាកន្លងទៅនេះ បន្ទាប់ពីមានហេតុការណ៍ចាក់សម្លាប់ក្មេង ដែលត្រូវបានបំផុសផុលព័ត៌មាន ក្លែងក្លាយដោយក្រុមស្ដាំនិយមជ្រុល ថាជនល្មើសជាជនអន្តោប្រវេសន៍មូស្លីម។ ថ្លែងកាលពីថ្ងៃពុធ ទី២៨ ខែសីហា អំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ជាទីដែល ឥទ្ធិពលរបស់ក្រុមស្ដាំនិយមជ្រុលកំពុងកើនឡើងដែរនោះ លោក Starmer បានគូសបញ្ជាក់ថាគណបក្សចម្រើននិយមទាំងអស់ក្នុងតំបន់អឺរ៉ុបគួរតែធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដោះសា្រយការគំរាមកំហែង និងបញ្ហាប្រឈមបង្កឡើងដោយក្រុមស្ដាំនិយមជ្រុល ប្រជានិយម និងជាតិនិយម។
នាយករដ្ឋមន្ត្រីអង់គ្លេស បានបន្ថែមដូច្នេះថា «វាមានហេតុផលជាច្រើនដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ ក្នុងនោះមានមួយផ្នែក គឺដោយសារតែអ្វីកំពុងកើតឡើងក្នុងចក្រភពអង់គ្លេស និងអ្វីដែលកំពុងកើតឡើងនៅក្នុងបណ្ដាប្រទេសអឺរ៉ុបជាច្រើន ដូចជានៅបារាំង និងអាល្លឺម៉ង់»។
គួរបញ្ជាក់ថា នៅក្នុងកុបកម្មដ៏ហិង្សា កាលពីដើមខែសីហា ប៉ូលិសអង់គ្លេសបានចាប់ខ្លួនមនុស្សជាង ១១៦០នាក់ ក្រោមបទចោទប្រព្រឹត្តអំពើហិង្សា លួចប្លន់ និងដុត បំផ្លាញហាងទំនិញមួយចំនួន ព្រមទាំងវាយប្រហារលើជនអន្តោប្រវេសន៍ និងមូស្លីម៕