(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី២៨ ខែសីហា បាននិយាយថាស្ថានការណ៍នៅជុំវិញទីក្រុង Pokrovsk ដែលជាទីក្រុង យុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន នាពេលបច្ចុប្បន្នគឺលំបាកជាទីបំផុត ស្របពេលដែលរុស្ស៉ីអះអាងថាកងទ័ពរបស់ខ្លួនកំពុង រីកចម្រើនទៅមុខនៅសមរភូមិនៃទីក្រុងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពរុស្ស៉ី ត្រូវបានរាយការណ៍ថាមានភាពរីកចម្រើន នៅក្នុងការវាយរុលចូលទីក្រុង Pokrovsk និងបានប្រកាសពីការវាយដណ្ដើមបានភូមិជាច្រើននៅជុំវិញទីក្រុង មួយនេះជាបន្តបន្ទាប់។ នៅក្នុងសុន្ទរកថាមួយដោយផ្អែកលើព័ត៌មានទទួលបានពីប្រមុខកងទ័ពអ៊ុយក្រែន លោក Oleksandr Syrsky លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ទីក្រុង Pokrovsk និងទីតាំងជាច្រើនក្នុងតំបន់ Donetsk កំពុងស្ថិតនៅក្នុងស្ថានការណ៍លំបាកជាទីបំផុត ដោយកិច្ចប្រឹងប្រែងរបស់រុស្ស៉ី និងកងកម្លាំងមួយភាគធំកំពុងប្រមូលផ្ដុំនៅទីនោះ»។
គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន មកទល់នឹងពេលនេះ កងទ័ពរុស្ស៉ីបានព្យាយាមវាយប្រហារ ៣៨លើក លើទីតាំងរបស់កងទ័ពអ៊ុយក្រែន ហើយការប្រយុទ្ធគ្នា នៅតែបន្តធ្វើឡើងនៅទីតាំងចំនួន១៤កន្លែង នៅតាមភូមិជាច្រើននៅក្បែរទីក្រុង Pokrovsk៕