(ការ៉ាកាស)៖ ក្រុមចម្រុះរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ ទី២៨ ខែសីហា បាននិយាយថាមេដឹកនាំរបស់ខ្លួន គឺលោក Biagio Pilieri ត្រូវបាន ចាប់ខ្លួននៅក្នុងទីក្រុងការ៉ាកាស បន្ទាប់ពីរូបលោកបានចូលរួមក្នុងបាតុកម្មតវ៉ាជាមួយមេដឹកនាំក្រុមចម្រុះប្រឆាំង លោកស្រី Maria Corina Machado។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមចម្រុះប្រឆាំងបានឱ្យដឹងទៀតថាទីតាំងស្ថិតនៅចុងក្រោយបំផុតរបស់លោក Pilieri ដែលជាមេដឹកនាំគណបក្ស Convergencia Venezuela គឺរូបលោកស្ថិតនៅខាងក្រៅ ពន្ធនាគារ Helicoide ក្នុងទីក្រុងការ៉ាកាស។ ក្រុមចម្រុះប្រឆាំងអះអាងបែបនេះដោយផ្អែកលើទីតាំងទូរស័ព្ទដៃរបស់លោក Pilieri។ ការប្រមូលផ្ដុំគ្នាធ្វើការតវ៉ាក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃពុធ កើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសកាលពីថ្ងៃទី២៨ ខែកក្កដា ដែលលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងគណបក្សប្រឆាំងបានប្រកាសពីជ័យជម្នះរៀងៗខ្លួន។
ខណៈក្រុមចម្រុះគណបក្សប្រឆាំងដឹកនាំការតវ៉ា លោក Maduro ក៏បានចូលរួមពិធីជួបជុំជាមួយក្រុមអ្នកគាំទ្រផងដែរ។ លោក Maduro ថែមទាំងព្រលយទៀតផងពីការតាំងចិត្ត ទប់ស្កាត់កុំឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង។ «តើវ៉េណេស៊ុយអេឡាចង់ឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើងឬ? វានឹងត្រូវបានដោះស្រាយដោយច្បាប់ យុត្តិធម៌ និងការពង្រឹងសណ្ដាប់ធ្នាប់»។ នេះជា ការលើកឡើងរបស់លោក Maduro ទៅកាន់ក្រុមអ្នកគាំទ្រ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាបោះឆ្នោតរបស់វ៉េណេស៊ុយអេឡា និងតុលាការកំពូល បានប្រកាសទទួលស្គាល់ថាលោក Nicolas Maduro គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា តែមិនបានបញ្ចេញលទ្ធផលបោះឆ្នោតទាំងស្រុងនោះទេ ខណៈបណ្ដាប្រទេសលោកខាងលិច តួយ៉ាងសហរដ្ឋអាមេរិក បានរិះគន់ការបោះឆ្នោតនេះថា គ្មានភាពយុត្តិធម៌។ លោក Nicolas Maduro បានឡើងកាន់តំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីឆ្នាំ២០១៣មក៕