(Reuters)៖ នាយករងនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក David Cohen បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបើក ប្រតិបត្តិការវាយបក ដើម្បីដណ្ដើមយកមកវិញនូវទឹកដីនៅក្នុងតំបន់ Kursk ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែន ប៉ុន្តែកងទ័ពរុស្ស៉ីនឹងត្រូវ ប្រឈមនឹងការប្រយុទ្ធមួយដ៏លំបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្គាល់បែបនេះរបស់លោក Cohen ធ្វើឡើងនៅឯសន្និសីទមួយស្ដីពីឧស្សាហកម្មសន្តិសុខជាតិ កាលពីថ្ងៃពុធ ទី២៨ ខែសីហា។ លោក Cohen បានគូសបញ្ជាក់ ដូច្នេះថា «យើងអាចនឹងបានឃើញថាលោក ពូទីន នឹងបើកប្រតិបត្តិការវាយបកមួយ ដើម្បីដណ្ដើមទឹកដីត្រឡប់ទៅវិញ...តែខ្ញុំគិតថាវាគឺជាការប្រយុទ្ធដ៏លំបាកសម្រាប់ កងទ័ពរុស្ស៉ី»។ កងទ័ពអ៊ុយក្រែន បានបើកការវាយលុកចូលតំបន់ Kursk របស់រុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហា និងបានអះអាងពីការដណ្ដើមកាន់ទឹកដីរុស្ស៉ី ជាច្រើន កន្លែង។
ខណៈទីក្រុងកៀវ អះអាងថាខ្លួនគ្មានបំណងក្រសោបកាន់កាប់ទឹកដីរុស្ស៉ី កងទ័ពអ៊ុយក្រែនកំពុងសង់មូលដ្ឋានការពារ និងទំនងជាមានបំណងកាន់កាប់ទឹកដីដែលពួកគេ ដណ្ដើមបានក្នុងរយៈពេលណាមួយ។ នេះបើតាមការយល់ឃើញរបស់លោក Cohen។
គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងថាកងទ័ពរបស់ខ្លួនកំពុងកាន់កាប់ទឹកដីរុស្ស៉ីក្នុងតំបន់ Kursk ទំហំប្រហែល ១២០០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែ ទន្ទឹមគ្នា រុស្ស៉ី ក៏បាននិយាយដែរថា កងទ័ពរបស់ខ្លួនកំពុងរីកចម្រើនទៅមុខនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ជាពិសេសក្នុងសមរភូមិនៅទីក្រុង Pokrovsk៕