(វ៉ាស៊ីនតោន)៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ កាលពីខែកក្កដា គឺជាការបោះជំហានមួយដ៏សំខាន់នៃការចូលរួមរបស់ឥណ្ឌា ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ទាំងចិន និងឥណ្ឌា សុទ្ធតែកំពុងប្រឹងប្រែងលើកកម្ពស់តួនាទីក្នុងនាមជាតួអង្គដ៏សំខាន់នៅលើឆាកនយោបាយ ការទូតសកល ដោយសង្រ្គាមអ៊ុយក្រែនបានក្លាយជាទីលានសម្រាប់មហាយក្សអាស៊ីទាំង២ បង្ហាញពីសមត្ថភាពស្វែងរកសន្តិភាពឱ្យពិភពលោក។
ខណៈកិច្ចប្រឹងប្រែងរបស់ចិនកំពុងជួបបញ្ហាប្រឈម ការចូលរួមរបស់ឥណ្ឌាក៏បានបង្ហាញផងដែរពីមហិច្ឆពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិ។ ពោលគឺទាំងចិន និងឥណ្ឌាមិនមែនសម្លឹងឃើញត្រឹមតែចង់ ក្លាយជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះទេ តែមានមហិច្ឆតារៀងៗខ្លួនក្នុងការពង្រឹងភាពគួរឱ្យទុកចិត្តបានក្នុងនាមជាមហាអំណាចលេចមុខថ្មី មានសមត្ថភាពដោះស្រាយបញ្ហា នយោបាយសកល។ សម្រាប់ចិន ការដើរតួរជាមេអណ្ដើក មានគោលដៅលើកកម្ពស់មុខមាត់ ក្នុងនាមជាមហាអំណាចមួយប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក និងពង្រីកឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោក។ សម្រាប់ឥណ្ឌាវិញ ការបង្ហាញពីភាពជាមេដឹកនាំខាងការទូតនៅក្នុងវិបត្តិធំៗរបស់ពិភពលោក តួយ៉ាងដូចជាសង្រ្គាមអ៊ុយក្រែន គឺស្របទៅនឹងឆន្ទៈរបស់ ឥណ្ឌាដែលចង់ក្លាយជាតួអង្គដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងកិច្ចការសកលលោក។
តួនាទីរបស់ចិននៅក្នុងសង្រ្គាមអ៊ុយក្រែន ត្រូវបានគេមើញឃើញថាគឺជាការចូលរួមដោយការប្រុងប្រយ័ត្ន និងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយរុស្ស៉ីផង និងការពារផលប្រយោជន៍សេដ្ឋកិច្ច ជាមួយលោកខាងលិច និងការពារខ្លួនឯងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផង។ កាលពីដើមឆ្នាំ២០២៤ ចិនបានបញ្ចេញផែនការសន្តិភាព១២ចំណុច ដែលអំពាវនាវឱ្យ មានបទឈប់បាញ់ និងការវិលត្រឡប់ទៅរកតុចរចាឡើងវិញ។ ក៏ប៉ុន្តែ ផែនការនេះបានរងការរិះគន់ និងការសង្ស័យពីសំណាក់អ៊ុយក្រែន រួមទាំងលោកខាងលិចដែលយល់ថាផែនការរបស់ចិន លម្អៀងទៅរករុស្ស៉ី។ ការចូលរួមពាក់ព័ន្ធរបស់ចិនក្នុងសង្រ្គាមអ៊ុយក្រែនមិនមែនសម្លឹងឃើញត្រឹមតែសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រមួយដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ជាតំបន់មួយដែល ឥទ្ធិពលចិននៅមានកម្រិត។ តាមរយៈការបញ្ចេញផែនការសន្តិភាព ចិនចង់បង្ហាញប្រាប់ពិភពលោកថាខ្លួនជាមេដឹកនាំពិភពលោកមួយប្រកបដោយការទទួលខុសត្រូវ និងមានសមត្ថភាពដោះស្រាយ ជម្លោះអន្តរជាតិធំៗ។ តែទោះជាបែបនេះក្ដី ទំនាក់ទំនងជិតស្និទ្ធពេករបស់ចិនជាមួយរុស្ស៉ី បានបង្កភាពស្មុគស្មាញដល់ចិនទៅវិញ ក្នុងការបញ្ជាក់ថាប៉េកាំងអាចធ្វើជា «មេអណ្ដើកអព្យាក្រឹតម្នាក់» ខណៈជំហរមិនថ្កោលទោសរុស្ស៉ីបានធ្វើឱ្យអ៊ុយក្រែន និងលោកខាងលិចយល់ថាចិនលម្អៀងទៅរុស្ស៉ី ជាពិសេសនៅពេលគេធ្វើការប្រៀបធៀបជាមួយជោគជ័យរបស់ចិនក្នុងការសម្រុះសម្រួល ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។
ចំណែកឯ ការចូលរួមពាក់ព័ន្ធរបស់ឥណ្ឌា នៅក្នុងសង្រ្គាមអ៊ុយក្រែនមានការស្ទាក់ស្ទើរជាច្រើន ហើយនេះក៏ដោយសារតែការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ និងយុទ្ធសាស្ត្រស្វ័យភាព។ តែដំណើរទស្សនកិច្ចរបស់លោក Modi ក្នុងទីក្រុងកៀវ ហាក់បង្ហាញថាឥណ្ឌាមានឆន្ទៈចង់ដើរតួនាទីបន្ថែមកាន់តែសកម្មនៅក្នុងសង្រ្គាមនេះ។ ផ្ទុយពីចិន ដែលមិនសូវត្រូវគ្នាជាមួយលោកខាងលិច ឥណ្ឌា ជាសម្ព័ន្ធមិត្តមួយរបស់លោកខាងលិច ហើយក៏មានទំនាក់ទំនងល្អជាមួយរុស្ស៉ីដែរ។ នេះអាចឱ្យគេមើលឃើញថាឥណ្ឌាស័ក្តិសមធ្វើជាមេណ្ដើកជាងចិនបន្តិច។ យុទ្ធសាស្ត្ររបស់ឥណ្ឌាចំពោះ សង្រ្គាមអ៊ុយក្រែន ផ្តោតលើការរក្សាតុល្យភាពផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើន។
នៅម្ខាង ឥណ្ឌាមានទំនាក់ទំនងជាប្រពៃណីជាមួយរុស្ស៉ី ក្នុងនោះរួមមានទាំងការពឹងផ្អែកលើការទិញអាវុធពីរុស្ស៉ី។ រីឯនៅម្ខាងទៀត ឥណ្ឌាកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្ដាប្រទេស លោកខាងលិច ដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន។ សកម្មភាពរក្សាតុល្យភាពនេះជាភស្តុតាងបង្ហាញពីការប្រកាន់ជំហរយ៉ាងប្រុងប្រយ័ត្នរបស់ឥណ្ឌា ទាក់ទិននឹងសង្រ្គាមអ៊ុយក្រែន។ ឥណ្ឌា តែងតែ អំពាវនាវឱ្យមានកិច្ចសន្ទនា និងគោរពអធិបតេយ្យនៃបណ្ដារដ្ឋដទៃ តែមិនបានថ្កោលទោសចំៗលើសកម្មភាពរបស់រុស្ស៉ីនោះទេ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀត នោះគឺមិនខុសគ្នាប៉ុន្មានពីចិន ឥណ្ឌា ក៏សម្លឹងមើលផលប្រយោជន៍របស់ខ្លួនឯងជាធំផងដែរ។ ខណៈចង់ឱ្យសង្រ្គាមបិទបញ្ចប់ទៅឱ្យស្របទៅនឹងផលប្រយោជន៍របស់ឥណ្ឌាផងនោះ ឥណ្ឌាជាធម្មតាតែងតែចៀសវាងការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះសកល។ ទីក្រុងញូវដេលី ទំនងជានឹងមិនដើរចេញ ឬបោះបង់ចោលការដើរជំហានមួយនេះដោយងាកទៅធ្វើជាអ្នកសម្របសម្រួលដោយផ្ទាល់ក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ ឥណ្ឌាអាចនឹងព្យាយាមធ្វើការសម្របសម្រួលដោយប្រយោលឱ្យមានការទំនាក់ទំនងរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងលើកទឹកចិត្តដល់កិច្ចសន្ទនា និងការទូត។ ឥណ្ឌាក៏អាចជួយដល់ កិច្ចចរចាមួយចំនួនជាមួយរុស្ស៉ីផងដែរ ក្នុងនោះរួមមានដូចជាការធ្វើមាតុភូមិនិវត្តកុមារអ៊ុយក្រែន និងឈ្លើយសឹកទៅប្រទេសកំណើតរបស់ពួកគេវិញ។
តាមក្រុមអ្នកវិភាគខ្លះ ទោះជាមានការដាក់សម្ពាធពីលោកខាងលិចក៏ដោយ ក៏ឥណ្ឌាប្រហែលជានឹងមិនបញ្ឈប់ ឬកាត់បន្ថយការទិញប្រេង និងឧស្ម័ននោះទេ ខណៈលោក Modi កំពុងផ្តោតជា អាទិភាពលើការពារ និងស្វែងរកផលប្រយោជន៍ឱ្យឥណ្ឌា៕