(ហ្សាការតា)៖ ស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី មានបំណងសាកសួរកូនប្រុសពៅរបស់ប្រធានាធិបតី លោក Joko Widodo អំពីការប្រើប្រាស់យន្តហោះឯកជនក្នុងដំណើរទៅក្រៅប្រទេសថ្មីៗនេះ និងប្រភពថវិកាសម្រាប់ការធ្វើដំណើរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ការអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីមានបាតុកម្មទូទាំងប្រទេស ដែលជំរុញឱ្យសភាលុបចោលសេចក្តីព្រាងច្បាប់មួយ ដែលអ្នករិះគន់យល់ថា នឹងធ្វើឱ្យគូប្រជែងរបស់ លោក Jokowi ចុះខ្សោយ ហើយថែមទាំងអនុញ្ញាតឱ្យកូនប្រុសរបស់គាត់ឈ្មោះ Kaesang Pangarep អាយុ ២៩ឆ្នាំ់ អាចឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់តំបន់ផងដែរ។
មន្ត្រីស្ថាប័នប្រឆាំងអំពើពុករលួយ លោក Alexander Marwata បានបញ្ជាក់ថា ប្រជាជនចង់ដឹងថា តើការប្រើប្រាស់យន្តហោះឯកជននោះ មានទំនាក់ទំនងនឹងតួនាទីរបស់បិតា ដែលជាមន្ត្រីរដ្ឋ ឬយ៉ាងណា។ បើសិនជាមានទំនាក់ទំនងមែន នោះវាអាចនឹងត្រូវបានចាត់ទុកថា ជាការទទួលអំណោយមិនស្របច្បាប់។
ការិយាល័យប្រធានាធិបតីមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។ ប្រធានាធិបតី Jokowi ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែប្រវត្តិជីវិតរបស់លោកជាមនុស្សសាមញ្ញ ហើយគ្មានទំនាក់ទំនងជាមួយឥស្សរជននយោបាយ កំពុងតែប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើង ពីការចោទប្រកាន់ថា លោកកំពុងបង្កើតរាជវង្សនយោបាយ ដែលលោកបានបដិសេធចំពោះការចោទប្រកាន់នេះ៕