(ប៉េកាំង)៖ ថ្ងៃទី២៧ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មី ជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង។

លោក Wang Yi បានលើកឡើងថា ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ ប្រមុខរដ្ឋនៃប្រទេសទាំង២ ក្នុងកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូ ជាទំនួលខុសត្រូវរួមរបស់ភាគីចិននិងអាមេរិក ក៏ជាភារកិច្ចចម្បងកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកនេះ ផងដែរ។ សង្ឃឹមថា ភាគីទាំង២ អាចផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅ ស្តីពីករណីនេះនៅក្នុងរយៈពេល២ថ្ងៃនេះ ហើយរំពឹងថា ការប្រាស្រ័យទាក់ទងលើកនេះ មានលក្ខណៈជាយុទ្ធសាស្ត្រ និងមានភាពជាក់ស្តែង ទន្ទឹមនឹងនេះក៏គួរតែមានលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ឱ្យវិវឌ្ឍទៅមុខស្របតាមទស្សនទានសាន់ហ្វ្រាន់ស៊ីស្កូ ដោយរួមគ្នាពុះពារឧបសគ្គ និងលុបបំបាត់ការរំខាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាពនិងភាពរឹងមាំ។

ជាការឆ្លើយតប លោកJake Sullivបានលើកឡើងថា នេះជាលើកដំបូងដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក សូមអរគុណដល់ប្រទេសចិន ដែលបានរៀបចំ យ៉ាងដិតដល់។ លោកបៃដិនប្រធានាធិបតីអាមេរិក បានធ្វើកិច្ចខំប្រឹងប្រែងក្នុងការគ្រប់គ្រង ទំនាក់ទំនងរវាងអាមេរិក និងចិន ចៀសវាងកុំឱ្យការប្រកួតប្រជែងប្រែទៅជាការប៉ះទង្គិច ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានផលប្រយោជន៍រួម។

រំពឹងថា តាមរយៈការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រលើកនេះ យើងអាចធ្វើកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព លើបញ្ហាពាក់ព័ន្ធនានា ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំង២៕

វិទ្យុមិត្តភាពកម្ពុជាចិន