(បែរឡាំង)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នឹងពិភាក្សាអំពីទិដ្ឋភាពសេដ្ឋកិច្ច កិច្ចព្រមព្រៀងការពារជាតិ ជាមួយបណ្តាថ្នាក់ដឹកនាំអាល្លឺម៉ង់ នាថ្ងៃពុធនេះ ហើយបន្ទាប់មកនឹងចេញទៅកាន់ប្រទេសបារាំង ដោយរំពឹងថា នឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ឱ្យក្លាយជាឱកាសកំណត់ការធ្វើទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤។
ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់អាល្លឺម៉ង់ និងបារាំង លោក Starmer និយាយថា លោកចង់ឱ្យអង់គ្លេស ចេញឆ្ងាយពីទំនាក់ទំនងដ៏ប្រេះស្រាំនៃរដ្ឋាភិបាលមុន ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ហើយកំណត់ការធ្វើទំនាក់ទំនងឱ្យប្រសើរឡើង ទៅជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
នៅពេលទៅដល់អាល្លឺម៉ង់ លោក Starmer ត្រូវជួបពិភាក្សាជាមួយអធិការបតី លោក Olaf Scholz លើកិច្ចព្រមព្រៀងមួយ ដែលពួកគេរំពឹងថានឹងឈានដល់កម្រិតមួយ មិនធ្លាប់មានពីមុនមកក្នុងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យដូចជាពាណិជ្ជកម្ម ថាមពលជាដើម។
នៅឯបារាំងវិញ លោក Starmer នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងប៉ារីស វេលាយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ហើយបើកកិច្ចប្រជុំអាហារពេលព្រឹក ជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុនធំៗ របស់បារាំង នៅថ្ងៃព្រហស្បតិ៍។ លោកក៏នឹងជួបក្រុមអត្តពលិកប៉ារ៉ាឡាំពិក មុនជំនួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Elysée ផងដែរ។
គួរបញ្ជាក់ថា ភាពជាដៃគូការពារជាតិអង់គ្លេស-អាល្លឺម៉ង់ អាចស្រដៀងនឹងកិច្ចព្រមព្រៀង Lancaster House រវាងចក្រភពអង់គ្លេស និងបារាំងដែលសម្រេចបានកាលពីឆ្នាំ ២០១០ ជាមួយនិងការសន្យាបង្កើតកងកម្លាំងរួម ចែករំលែកសម្ភារការពារជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវមីស៉ីលនុយក្លេអ៊ែរ៕