(ស៉ីដនី)៖ បណ្តាមេដឹកនាំនៃប្រទេសដែនកោះមួយចំនួន បានប្រកាសនៅថ្ងៃពុធ ទី២៨ ខែសីហានេះថា ពួកគេគាំទ្រចំពោះ មូលនិធិចំនួន ២៧១លានដុល្លាររបស់អូស្រ្តាលី ដើម្បីធ្វើឱ្យប្រសើរឡើងលើការបណ្តុះបណ្តាល និងបង្កើតអង្គភាពប៉ូលិស ប្រចាំតំបន់ ខណៈទីក្រុងកង់បេរ៉ា កំពុងស្វែងរកការកាត់បន្ថយឥទ្ធិពលចិន ក្នុងវិស័យសន្តិសុខនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេដឹនាំនៃប្រទេសតុងហ្កា ហ្វីជី Palau និងប៉ាពួអាស៉ីនូវែលហ្គីណេ (Papua New Guinea) និយាយថា កម្មវិធីនេះនឹងជួយដល់ ប្រទេសរបស់ពួកគេ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច ទូទាំងតំបន់ដែលលាតសន្ធឹងលើផ្ទៃទឹក រាប់លានគីឡូម៉ែត្រនៃមហាសមុទ្រប៉ាស៉ីហ្វិក។
នាយករដ្ឋមន្រ្តី ប៉ាពួអាស៉ីនូវែលហ្គីណេ លោក James Marape បានប្រាប់ក្រុមអ្នកកាសែត នៅក្នុងប្រទេសតុងហ្កាថា ប្រទេសរបស់លោក ដោយមានការជួយពីសំណាក់អូស្រ្តាលី នឹងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលប៉ូលិសដំបូងគេ ក្នុងចំណោមប្រទេស ៤ផ្សេងទៀត សម្រាប់គម្រោងសាងសង់នៅទូទាំងតំបន់ ក្រោមគំនិតផ្តួចផ្តើមប៉ូលិសប៉ាស៉ីហ្វិក (Pacific Policing Initiative)។ គំនិតផ្តួចផ្តើមនេះ នឹងបង្កើតកងកម្លាំងប៉ូលិសពហុប្រទេស ដែលអាចដាក់ពង្រាយទៅកាន់ ប្រទេសក្នុងតំបន់ ករណីមានព្រឹត្តិការណ៍ធំៗ ឬវិបត្តិណាមួយកើតឡើង។
ប្រធានាធិបតី Palau លោក Surangel Whipps Jr និយាយថា «វាកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ»។ ដោយឡែក លោក Siaosi Sovaleni នាយករដ្ឋមន្រ្តីតុងហ្កា បានលើកឡើងថា សមាជិកនៃវេទិកាប្រជុំកោះប៉ាស៉ីហ្វិក ១៨ប្រទេសមានសិទ្ធិ ក្នុងការសម្រេចពីរបៀបចូលរួមគំនិតផ្តួចផ្តើមនេះ ខណៈក្រុមអ្នកការទូត មកពីប្រទេសដែនកោះវ៉ានូអាទូ និងសូឡូម៉ុន ថាកំពុងពិចារណាលើបញ្ហានេះ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងថា មជ្ឈមណ្ឌលសម្របសម្រួលមួយ នឹងត្រូវបើកនៅក្នុងទីក្រុង Brisbane បន្ទាប់ពីផែនការនេះទទួលបានការឯកភាពគ្នា អំឡុងពេលវេទិកាប្រជុំកោះប៉ាស៉ីហ្វិក នៅប្រទេសតុងហ្គា។ លោក Albanese បញ្ជាក់ថា «រដ្ឋអធិបតេយ្យភាពនឹងកំណត់ពីរបៀបចូលរួមរៀងៗខ្លួន ប៉ុន្តែវាជាការងារមួយ ដែលត្រូវបន្តដំណើរការ ដឹកនាំដោយប៉ូលិសប៉ាស៊ីហ្វិក និងមេប៉ូលិសប្រចាំប៉ាស៉ីហ្វិក ហើយទទួលបានការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីអូស្ត្រាលី»។
គួរបញ្ជាក់ថា អូស្រ្តាលី និងនូវែលសេឡង់ ជាអ្នកគាំទ្រដ៏យូរលង់ណាស់មកហើយ សម្រាប់វិស័យប៉ូលិសក្នុងតំបន់ ប៉ុន្តែគំរូថ្មីនេះនឹងបង្កើនសមត្ថភាពសម្រាប់កោះប៉ាស៉ីហ្វិក ឱ្យមានតួនាទីកាន់ប្រសើរ។ រីឯ ចិនគឺជាអ្នកផ្តល់ប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់តំបន់ ហើយឥឡូវនេះ ក៏កំពុងស្វែងរកតួនាទីកាន់តែខ្លាំងលើវិស័យប៉ូលិសផងដែរ៕