(បាងកក)៖ កងទ័ពអាកាសថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនចង់បានយន្តហោះចម្បាំង Gripen 39 ដែលផលិតដោយក្រុមហ៊ុន SAAB របស់ស៊ុយអែត ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។
កងទ័ពអាកាសថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចំណាយពេលប្រមាណ១០ខែ ដើម្បីថ្លឹងថ្លែងលើជម្រើសនានា មុនពេលសម្រេចចិត្តថា យន្តហោះចម្បាំង JAS 39 Gripen E/F មានសមត្ថភាពបំពេញតាមការទាមទារ នៃទ្រឹស្តីយោធា ក៏ដូចជាយុទ្ធសាស្រ្ត របស់កងទ័ពអាកាសថៃ។ កន្លងមកនេះ កងទ័ពអាកាសថៃ បានពិចារណាជ្រើសរើសរវាងយន្តហោះ Gripen និងយន្តហោះ F-16 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin។
ទោះបីកងទ័ពអាកាសថៃ បានបង្ហាញការពេញចិត្តចំពោះ យន្តហោះចម្បាំង Gripen ក៏ដោយ ការសម្រេចចិត្តចុងក្រោយ ដើម្បីទិញយន្តហោះចម្បាំងមួយណានោះ គឺនៅបន្តអាស្រ័យលើការអនុម័តពីគណៈរដ្ឋមន្រ្តីថៃ។ បច្ចុប្បន្ន ថៃមានយន្តហោះចម្បាំង JAS 39 Gripen ស៊េរីចាស់ចំនួន១១គ្រឿង ព្រមទាំងយន្តហោះចម្បាំងអាមេរិក F-16 និង F-5 ចាស់ៗប៉ុន្មានសិបគ្រឿង ដែលខ្លះត្រូវបានធ្វើប្រតិបត្តិការ ចាប់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០។
គួរបញ្ជាក់ថា កងទ័ពអាកាសថៃ បានស្នើកញ្ចប់ថវិកាប្រមាណ១៩ពាន់លានបាត (៥៦០លានដុល្លារអាមេរិក) រួចហើយ សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដើម្បីទិញយន្តហោះចម្បាំងថ្មី មិនបញ្ជាក់ប្រភេទចំនួន៤គ្រឿង ដែលនឹងត្រូវទិញនៅអំឡុងចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ វាគឺជាផ្នែកនៃផែនការរយៈពេលវែង របស់កងទ័ពអាកាសថៃ ដើម្បីទិញយន្តហោះចម្បាំងថ្មីៗសរុប១២គ្រឿង នៅត្រឹមឆ្នាំសារពើពន្ធ២០៣៤ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ៕