(ហ្វេសប៊ែង)៖ អ្នកនាំពាក្យអង្គការអឌ្ឍចន្ទក្រហម បានឱ្យដឹងនាថ្ងៃពុធនេះថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១០នាក់ ត្រូវបានសម្លាប់ អំឡុងការធ្វើប្រតិបត្តិការវាយឆ្មក់តាមជើងគោក និងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស នៅទីក្រុងមួយចំនួន នៃភាគខាងជើងតំបន់ West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។
ជនជាតិប៉ាឡេស្ទីន២នាក់ បានស្លាប់នៅទីក្រុង Jenin, ៤នាក់ នៅភូមិមួយកន្លែងក្បែរនោះ និង៤នាក់ទៀត នៅជំរំជនភៀសខ្លួន ក្បែរក្រុង Tubas។ ក្រៅពីអ្នកបាត់បង់ជីវិត មនុស្ស១៥នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ ថ្ងៃពុធនេះ កងទ័ពអ៉ីស្រាអែល បានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការ ដើម្បីបង្រ្កាបភេរវកម្ម នៅទីក្រុង Jenin និង Tulkarm ភាគខាងជើង West Bank។ ប្រតិបត្តិការទាំងនេះកើតមានឡើង នៅ២ថ្ងៃ បន្ទាប់ពីអ៉ីស្រាអែល បាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ West Bank ដែលអាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ថា ផ្តាច់ជីវិតមនុស្ស៥នាក់។
គួរបញ្ជាក់ថា អំពើហិង្សានៅ West Bank បានកើនឡើង ស្របពេលជាមួយគ្នានឹងសង្រ្គាមអ៉ីស្រាអែល នៅតំបន់ Gaza Strip ដោយជនជាតិប៉ាឡេស្ទីនជាង៦៤០នាក់ បានស្លាប់ ក្រោមដៃកងទ័ពអ៉ីស្រាអែល និងអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អំឡុងពេលទន្ទឹមគ្នានោះ ជនជាតិអ៉ីស្រាអែលយ៉ាងហោច ១៩នាក់ ក៏បានបាត់បង់ជីវិតផងដែរ ដោយសារការវាយប្រហាររបស់ជនជាតិប៉ាឡេស្ទីន៕