(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែរក្សាការប្តេជ្ញាចិត្ត ដើម្បីការពារអ៉ីស្រាអែល ក្នុងករណីដែលរងការវាយប្រហារណាមួយពីអ៉ីរ៉ង់ ហើយនៅតែមានក្តីសង្ឃឹមចំពោះលទ្ធភាពនៃការសម្រេចបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤។
លោក Kirby បានប្រាប់ប៉ុស្តទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែលថា វាពិបាកក្នុងព្យាករអំពីពេលវេលានៃការវាយប្រហារមួយ ប៉ុន្តែសេតវិមានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អ៉ីរ៉ង់។ លោកគូសបញ្ជាក់ថា «យើងជឿថា ពួកគេនៅអាច និងត្រៀមខ្លួនដើម្បីបើកការវាយប្រហារ ប្រសិនបើពួកគេចង់ ហើយវាជាមូលហេតុដែលយើងត្រូវពង្រឹងកងកម្លាំង នៅក្នុងតំបន់។ សាររបស់យើងទៅកាន់អ៉ីរ៉ង់នោះគឺ ទី ១ វាគ្មានហេតុផលអ្វីត្រូវបង្កើនភាពតានតឹង និងធ្វើឱ្យជម្លោះរាលដាលចេញពីតំបន់នោះទេ។ ទី ២ យើងកំពុងត្រៀមលក្ខខណៈដើម្បីការពារអ៉ីស្រាអែល ប្រសិនបើមានការវាយប្រហារមែននោះ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ដោយចោទប្រកាន់ថាជាស្នាដៃរបស់អ៉ីស្រាអែល ទោះជាអ៉ីស្រាអែល មិនបានបដិសេធ ឬទទួលស្គាល់ក្តី។ សហរដ្ឋអាមេរិក កំពុងរក្សាវត្តមានកងនាវាចម្បាំង ២ក្រុម នៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាវត្តមាននៃកងយន្តហោះចម្បាំង F-22 ផងដែរ៕