(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សង្រ្គាមជាមួយរុស្ស៉ីនឹងបិទបញ្ចប់ទៅដោយកិច្ចចរចា ប៉ុន្តែទីក្រុងកៀវត្រូវតែមានចំណែកខ្លាំងជាង នៅក្នុងកិច្ចចរចានោះ ហើយផែនការមួយនឹងត្រូវបង្ហាញទៅកាន់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤។
ក្នុងសន្និសីទសារព័ត៌មានមួយ មេដឹកនាំអ៊ុយក្រែនរូបនេះនិយាយថា ប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ី ៣សប្តាហ៍កន្លងមក នៅតំបន់ Kursk គឺជាផ្នែកមួយនៃផែនការដែលត្រូវបង្ហាញ ប៉ុន្តែក៏មានជំហានផ្សេងទៀតទាក់ទងនឹងសេដ្ឋកិច្ច ក៏ដូចជាការប្រឈមផ្នែកការទូត។ លោក ហ្សេលេនស្គី បញ្ជាក់ថា «ចំណុចសំខាន់នៃផែនការ គឺបង្ខំឱ្យរុស្ស៉ីបញ្ចប់សង្រ្គាម ហើយខ្ញុំពិតជាចង់បាន ព្រោះវាយុត្តិធម៌សម្រាប់អ៊ុយក្រែន»។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់ទេអំពីជំហានរួមផ្សំបន្តទៀត ប៉ុន្តែនិយាយថានឹងមានការពិភាក្សាអំពីផែនការនោះ ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ហើយក៏អាចពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ ផងដែរ ដោយអ្នកទាំងពីរសុទ្ធសឹងតែជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កន្លងមក លោក ហ្សេលេនស្គី ប្រកាន់ជំហរថា ការណ៍ដែលរុស្ស៉ីចង់ដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែន ជុំវិញរបៀបដោះស្រាយបញ្ចប់សង្រ្គាម គឺជារឿងមួយដែលទីក្រុងកៀវ មិនអាចទទួលយកបានឡើយ។ ចំណែក ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា កិច្ចព្រមព្រៀងណាមួយត្រូវផ្តើមពីការទទួលយករបស់អ៊ុយក្រែន ចំពោះការពិតនៅសមរភូមិ ដែលកំណត់ឱ្យរុស្ស៉ីមានសិទ្ធិកាន់កាប់ស្របច្បាប់នៅតំបន់អ៊ុយក្រែនចំនួន ៤ និងនៅគ្រីមៀ។ ប៉ុន្តែ ឥឡូវនេះ អ៊ុយក្រែន បាននិងកំពុងអះអាងពីការគ្រប់គ្រងលើទឹកដីជាង ១,២០០គីឡូម៉ែត្រក្រឡានៃតំបន់ Kursk របស់រុស្ស៉ីដែរ៕