(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃអង្គារ ទី២៧ ខែសីហាបាននិយាយថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស បានធ្លាក់ដល់ចំណុចទាប បំផុតមួយ ក្រោយការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov ដោយអាជ្ញាធរបារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារនោះដែរ បាននិយាយថា លោក Pavel Durov ដែលមានសញ្ជាតិរុស្ស៉ី និងបារាំង ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយស្ថិតនៅខាងក្រៅទីក្រុង ប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធនឹងការបង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការបោកប្រាស់ នៅលើបណ្ដាញ Telegram។ តាមប្រមុខការទូតរុស្ស៉ី លោក Sergei Lavrov ការចាប់ខ្លួនមេ Telegram រូបនេះបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស ធ្លាក់ដល់ ចំណុចទាបបំផុតមួយ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងដុនដាបស្រាប់នាប៉ុន្មានខែចុងក្រោយនេះ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថារុស្ស៉ីបានត្រៀមលក្ខណៈជាស្រេចដើម្បីផ្ដល់ការគាំទ្រចាំបាច់ នានាសម្រាប់លោក Durov ដោយសារតែរូបលោកជាពលរដ្ឋរុស្ស៉ី។

គួរបញ្ជាក់ថា តាមការិយាល័យរដ្ឋអាជ្ញាបារាំង ការឃុំខ្លួនលោក Pavel Durov ត្រូវបានពន្យាររហូតដល់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅបារាំង) ហើយបន្ទាប់មកទៀត តុលាការបារាំង ត្រូវតែសម្រេចចិត្តថាត្រូវធ្វើការចោទប្រកាន់ ឬក៏ត្រូវដោះលែងលោក Durov។ ក្នុងករណី លោក Durov ត្រូវបានចោទប្រកាន់ជាផ្លូវការ នោះចៅក្រមបារាំងអាចនឹងពិចារណាលើ ការឃុំខ្លួនរូបលោកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស៕