(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ ទី២៨ ខែសីហានេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និង បញ្ជាការធ្វើតេស្ដបាញ់ប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតចម្រុះកាណុង ២៤០មីលីម៉ែត្រ ដែលទើបតែត្រូវបានធ្វើបច្ចុប្បន្នភាព ជាមួយការបំពាក់ប្រព័ន្ធកំណត់គោលដៅ ជាក់លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតខាងលើបានបង្ហាញពីសមត្ថភាពខ្ពស់របស់ខ្លួនទាំងការបំលាស់ទី និងការវាយប្រហារ។ កាលពីដើមសប្ដាហ៍នេះ លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើតេស្ដដ្រូនអត្តឃាតស៊េរីថ្មីមួយផងដែរ ហើយបានជំរុញឱ្យក្រុមអ្នកសា្រវជ្រាវរបស់ កូរ៉េខាងជើងប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ដ្រូន។

ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថាបាន និងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងបរិក្ខារយោធាមួយចំនួនទៀតឱ្យរុស្ស៉ីយកទៅ ប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង គិតចាប់ពីឆ្នាំមុន រហូតដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ កូរ៉េខាងជើង បានបញ្ជូន អាវុធជាង ១២០០០កុងតឺន័រឱ្យរុស្ស៉ី។ ប៉ុន្តែ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការអះអាងបែបនេះជារឿយៗ៕