(វ៉ាស៊ីនតោន)៖ លោក Pavel Durov ជាស្ថាបនិក និងជា CEO នៃកម្មវិធីផ្ញើសារ Telegram ត្រូវបានប៉ូលិសបារាំងចាប់ខ្លួន នៅក្នុងទីក្រុងប៉ារីស កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោម ការចោទប្រកាន់ថាកម្មវិធីផ្ញើសាររបស់លោកត្រូវបានប្រើប្រាស់ ដើម្បីប្រព្រឹត្តសកម្មភាពខុសច្បាប់ជាច្រើន រួមមានការជួញដូរគ្រឿងញៀន និងការចែកចាយរូបភាពរបស់កុមារដែល រងការរំលោភបំពានផ្លូវភេទ។
កើតនៅក្នុងប្រទេសរុស្ស៉ី លោក Durov បានចំណាយពេលវេលាមួយភាគធំ នៃកុមារភាពរបស់លោកនៅក្នុងប្រទេសអ៉ីតាលី ហើយលោកក៏មានសញ្ជាតិ រុស្ស៉ី បារាំង ប្រទេសដែនកោះ St. Kitts and Nevis និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។
លោកត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺ បួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២៤ ខែសីហា បន្ទាប់ពីធ្វើដំណើរតាមយន្ដហោះឯកជនរបស់លោកចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើកម្មវិធីផ្ញើសាររបស់ខ្លួន Telegram បាននិយាយថា ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់របស់សហភាពអ៉ឺរ៉ុប ជាមួយការគ្រប់គ្រងការបង្ហោះមាតិការ អនុលោមតាមបទដ្ឋានស្ដង់ដារ។
ក្រុមហ៊ុនបានបន្ថែមទៀតថា លោក Durov អាយុ៣៩ឆ្នាំ គ្មានអ្វីត្រូវលាក់បាំងទេ ហើយរូបលោកតែងតែធ្វើដំណើរជាញឹកញាប់ ទៅកាន់តំបន់អឺរ៉ុប។ លោក Durov តែងតែបានទាត់ចោលជារឿយៗនូវសម្ពាធពីបណ្ដារដ្ឋាភិបាលនានាមកពីជុំវិញពិភពលោក ដែលទាមទារឱ្យលុបចោលការបង្ហោះសារ ឬមាតិកា ឬក៏ចង់ចូលទៅកាន់ទិន្នន័យរបស់អ្នកប្រើប្រាស់។ ការប្រកាន់ជំហបែបនេះហើយ បានធ្វើឱ្យរូបលោកកាន់តែមានភាពល្បីល្បាញក្នុងនាមជាអ្នកការពារ «សេរីភាពបញ្ចេញមតិ»។
វាជារឿងកម្រខ្លាំងណាស់ដែលរដ្ឋាភិបាល នៃប្រទេសលោកខាងលិចមួយ ចាប់ខ្លួនថៅកែក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ខណៈការចាប់ខ្លួនលោក Durov បង្កឱ្យមានការជជែកវែកញែកពីគ្រោះថ្នាក់ដល់សេរីភាពបញ្ចេញមតិ ដោយក្នុងនោះ មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាថៅកែបណ្ដាញទំនាក់ទំនងសង្គម X បាននិយាយថា សេរីភាពបញ្ចេញមតិ នៅក្នុងទ្វីបអឺរ៉ុបកំពុងរងការវាយប្រហារ។
* អតីតកាលរបស់លោក Durov នៅក្នុងប្រទេសរុស្ស៉ី
លោក Durov ដែលត្រូវបានគេចាត់ទុកថាជា Mark Zuckerberg របស់រុស្ស៉ី ចាប់ផ្ដើមត្រូវបានគេស្គាល់ នៅពេលលោកបានបង្កើត បណ្ដាញទំនាក់ទំនងសង្គមឈ្មោះថា VKontakte នៅត្រឹមវ័យ ២០ប្លាយ។ នៅឆ្នាំ២០១៤ លោក Durov បានចាកចេញពីរុស្ស៉ី បន្ទាប់ពីបានបដិសេធសហការជាមួយអាជ្ញាធររុស្ស៉ី ដែលបានទាមទារឱ្យរូបលោកបិទគណនីរបស់ក្រុមប្រឆាំង នៅលើ VKontakte រហូតដល់សម្រេចចិត្តលក់បណ្ដាញទំនាក់ទំនងសង្គមនេះ នៅពេលក្រោយមកទៀត។
លោក Durov បានបង្កើតកម្មវិធីផ្ញើសារមួយក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់បច្ចេកទេស Encryption (បំបែកជាលេខកូដ) ដែលក្រោយមកមានឈ្មោះថា Telegram ជាមធ្យោបាយធ្វើការទំនាក់ទំនងក្នុងពេលរូបលោក ប្រឈមមុខនឹងសម្ពាធនៅក្នុងប្រទេសរុស្ស៉ី។
«ខ្ញុំសុខចិត្តរស់នៅដោយសេរីភាព ជាជាងធ្វើតាមបង្គាប់បញ្ជាពីនរណាម្នាក់»។ នេះជាការលើកឡើងរបស់លោក Durov នាពេលកន្លងទៅ ក្នុងបទសម្ភាសន៍មួយអំពីការចាកចេញរបស់លោកពីរុស្ស៉ី និងការតាមស្វែងរកមូលដ្ឋានសម្រាប់ក្រុមហ៊ុនរបស់លោក ដូចជានៅទីក្រុងបែរឡាំង ឡុងដ៍ សិង្ហបុរី និងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco)។ តែចុងក្រោយលោកបានសម្រេចចិត្តទៅរស់នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិបារាំងក្នុងឆ្នាំ២០២១។
លោក Durov បានដំណើរការ Telegram ចេញពីទីក្រុង ឌូបៃ។ Telegram គឺជាកម្មវិធីផ្ញើសារមានប្រជាបិ្រយមួយ តែព្រមពេលជាមួយគ្នា ក៏ប្រឈមនឹងការរិះគន់ផងយ៉ាងខ្លាំងផងដែរ ពីសំណាក់អ្នកប្រើប្រាស់ និងរដ្ឋាភិបាលមួយចំនួន សម្រាប់ការអនុញ្ញាតយ៉ាងទូលំទូលាយខ្លាំងពេក ដល់ការបង្ហោះសារ ឬមាតិការ ទាំងរូបភាពអាសអាភាស រូបភាពកុមាររងការរំលោភបំពានផ្លូវភេទ រូបឃាតកម្មនិងឧក្រិដ្ឋកម្មផ្សេងៗ ដោយមិនរារាំងឡើយ។
* ហេតុអ្វីការចាប់ខ្លួនលោក Durov ហាក់មានអាថ៌កំបាំង?
តាមអាជ្ញាធរបារាំង លោក Durov ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប៉ារីស កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមការចោទប្រកាន់ថាកម្មវិធីផ្ញើសាររបស់លោកត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្ត សកម្មភាពខុសច្បាប់ជាច្រើន រួមមានការជួញដូរគ្រឿងញៀន និងការចែកចាយរូបភាពរបស់កុមារដែលរងការរំលោភបំពានផ្លូវភេទជាដើម។
ការចាប់ខ្លួននេះបានបង្ហាញពីរឿង២ផ្ទុយគ្នាស្រឡះ នោះគឺលោក Durov ត្រូវបានចាប់ខ្លួននៅបារាំង ជាប្រទេសមួយដែលយល់ព្រមទទួលយករូបលោក និងដែលលោកធ្លាប់គិតថា នឹងផ្ដល់សេរីភាពក្នុងការធ្វើប្រតិបត្តិការ ខណៈរុស្ស៉ីជាប្រទេសដែលលោកបានវេចបង្វេចចេញ តែបែរជាបង្ហាញការគំាទ្ររូបលោកទៅវិញ។
ការចាប់ខ្លួនស្ថាបនិក Telegram រូបនេះកើតមានឡើងចំពេលបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ជាពិសេស Telegram បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយទាំងប្រជាជន កងទ័ព និងអាជ្ញាធរ នៃប្រទេសជាភាគីសង្គ្រាមទាំងសងខាង សុទ្ធតែប្រើប្រាស់កម្មវិធីផ្ញើសារមួយនេះដើម្បីស្វែងយល់ពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។
លោក Durov ត្រូវបានរាយការណ៍ថា បានចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ តាមយន្ដហោះឯកជនមួយឆ្ពោះទៅកាន់ប្រទេសបារាំង។ វាក៏មានសេចក្ដីរាយការណ៍ផងដែរថា រូបលោក Durov ផ្ទាល់បានធ្វើដំណើរទៅកាន់រដ្ឋធានីបាគូ ដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានធ្វើទស្សនកិច្ចក្នុងរដ្ឋធានីបាគូ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ។ ជាងនេះទៅទៀត សេចក្ដីរាយការណ៍ខ្លះថែមទាំងបានឱ្យដឹងទៀតផងថា លោក Durov បានស្នើសុំជួបលោក ពូទីន ប៉ុន្តែលោក ពូទីន បានបដិសេធមិនព្រមជួប។
ក្រោយមក ទើបវិមានក្រឹមឡាំងចេញមុខច្រានចោលសេចក្ដីរាយការណ៍ថា លោក ពូទីន មិនបានជួបលោក Durov។ ដោយឡែក បើតាមទូរទស្សន៍អាមេរិក CBS លោក Durov បានដឹងមុនទៅហើយថា រូបលោកប្រឈមមុខនឹងដីកាចាប់ខ្លួននៅក្នុងប្រទេសបារាំង។ CBS បានស្រង់សម្ដីពីអ្នកស៊ើបអង្កេតបារាំងម្នាក់ ដោយនិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ដែលលោក Durov ហ៊ាន ធ្វើដំណើរទៅកាន់ប្រទេសបារាំង ទាំងដែលដឹងថា លោកជាមនុស្សត្រូវបានគេតាមចាប់ខ្លួន។
កម្មវិធីផ្ញើសារ Telegram បានក្លាយជាប្រភពទទួលព័ត៌មានដ៏សំខាន់ទាំងនៅក្នុងរុស្ស៉ី និងអ៊ុយក្រែន រួមទាំងបណ្ដាប្រទេសមួយចំនួនទៀត ធ្លាប់ជាអតីតរដ្ឋក្នុងសហភាពសូវៀតអំពីស្ថានការណ៍ នៅឯសមរភូមិសង្រ្គាមអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ក្នុងនោះរួមមានទាំងក្រសួងការពារជាតិរុស្ស៉ី និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី សុទ្ធតែប្រើប្រាស់ Telegram យ៉ាងទូលំទូលាយ រហូតដល់មានអ្នកជំនាញខ្លះហៅកម្មវិធីផ្ញើសារមួយនេះថាជា «សមរភូមិសង្រ្គាមតាមអនឡាញ»។
កាលពីខែមិថុនា ឆ្នាំ២០២៣ Telegram បានរងការពិន័យពីតុលាការមួយក្នុងទីក្រុងមូស្គូ ជុំវិញបរាជ័យក្នុងការលុបចោលនូវអ្វី ដែលរុស្ស៉ីហៅថា ជា «មាតិការខុសច្បាប់» ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ លោក Durov កាលពីខែមេសាកន្លងទៅ បាននិយាយថា មានរដ្ឋាភិបាលមួយចំនួន បានព្យាយាមដាក់សម្ពាធលើរូបលោក តែលោកបានបញ្ជាក់ជំហរថា Telegram គួរតែជាកម្មវិធីអព្យាក្រឹតមួយ និងមិនមែនជាតួអង្គនៅក្នុងភូមិសាស្ត្រនយោបាយនោះឡើយ។
លោក Durov ក៏ធ្លាប់បានចោទប្រកាន់មន្ត្រីអនុវត្តច្បាប់អាមេរិកតួយ៉ាងដូចជា FBI ដែរថា បានព្យាយាមចង់ចូលទៅកាន់ទិន្នន័យ របស់អ្នកប្រើប្រាស់ Telegram។ FBI មិនបានធ្វើអត្ថាធិប្បាយអ្វីតបតទៅនឹងការចោទប្រកាន់នេះទេ។ ប៉ុន្តែការកើនឡើងប្រជាប្រិយភាពរបស់ Telegram បានជំរុញឱ្យមានការតាមដានពីសំណាក់ប្រទេសជាច្រើននៅអឺរ៉ុប ក្នុងនោះរួមមានទាំងបារាំង ទាក់ទិននឹងការព្រួយបារម្ភពីសន្តិសុខ និងការលួចទិន្នន័យរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ស្ថានទូតរុស្ស៉ី ប្រចាំប្រទេសបារាំង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហាថា ខ្លួនបានស្នើឱ្យអាជ្ញាធរបារាំងបញ្ជាក់ឱ្យច្បាស់ពីមូលហេតុ នៃការចាប់ខ្លួនលោក Durov ខណៈលោក Vladislav Davankov ជាអនុប្រធានរដ្ឋសភារុស្ស៉ី បានអំពាវនាវឱ្យបារាំងដោះលែងថៅកែ Telegram។
តាមកាសែតអាមេរិក New York Times ដែលបានស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៉ី Meduza លោក Davankov បាននិយាយថា ការចាប់ខ្លួនលោក Durov អាចជាកិច្ចប្រឹងប្រែងមួយដើម្បីចូលទៅកាន់ព័ត៌មានគ្រប់គ្រងដោយ Telegram។ នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះដែរ ប្រធានរដ្ឋសភារុស្ស៉ី លោក Vyacheslav Volodin បានលើកឡើងដោយមិនបញ្ចេញភស្តុតាងថា សហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយ ការចាប់ខ្លួនលោក Durov នៅក្នុងប្រទេសបារាំង ក្នុងគោលបំណងចង់គ្រប់គ្រងលើ Telegram។
សេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ទាក់ទិននឹងការចាប់ខ្លួនលោក Durov ។ ប៉ុន្តែប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចេញមុខបញ្ជាក់ថា ការចាប់ខ្លួនលោក Durov គឺជាបញ្ហារបស់តុលាការ និងមិនមានជាប់ពាក់ព័ន្ធនឹងចេតនានយោបាយអ្វីនោះទេ៕