(ម៉ូស្គូ)៖ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងការវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។
ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែ «លេងជាមួយភ្លើង» តាមរយៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបរទេសសម្រាប់អ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក។ លោកបានបន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់អត្ថិភាពរបស់ប្រទេស។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ការវាយប្រហារនៅតំបន់ Kursk បានបង្ហាញថា ការគំរាមកំហែងរបស់រុស្ស៊ីគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ លោកថែមទាំងបានជំរុញឱ្យសម្ព័ន្ធមិត្តចេញមុខជួយអ៊ុយក្រែនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីអាចការពារខ្លួនបាន។
ទោះបីជាសហរដ្ឋអាមេរិកបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ Kursk ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិកពិតជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះមែន។ កាសែត The New York Times ក៏បានរាយការណ៍ផងដែរថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានផ្ដល់ព័ត៌មានសម្ងាត់ និងរូបភាពផ្កាយរណបអំពីតំបន់ Kursk ដល់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារនោះ។
ស្ថានការណ៍នៅតែបន្តតានតឹង ខណៈដែលការព្រមានរបស់រុស្ស៊ី បានបង្ហាញឱ្យឃើញពីលទ្ធភាពនៃជម្លោះដ៏ធំមួយ ដែលអាចនាំមកនូវផលវិបាកដ៏មហន្តរាយ៕