(កាប៊ុល)៖ មេដឹកនាំសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានលុបចោលភ្លាមៗនូវច្បាប់មួយចំនួនដែលខ្លួនចាត់ទុកថា «អាក្រក់» ដែលកំពុងព្យាយាមប្រែក្លាយស្ត្រីឱ្យទៅជាស្រមោល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។
លោក Volker Turk បាននិយាយដូច្នេះថា ការអនុម័តច្បាប់ថ្មីកាលពីសប្តាហ៍មុន «បានពង្រឹងគោលនយោបាយដែលលុបបំបាត់វត្តមានរបស់ស្ត្រីនៅទីសាធារណៈទាំងស្រុង ធ្វើឱ្យសំឡេងរបស់ពួកគេស្ងាត់ និងដកហូតស្វ័យភាពបុគ្គលរបស់ពួកគេ ដែលជាការព្យាយាមធ្វើឱ្យពួកគេក្លាយជាស្រមោលគ្មានមុខគ្មានសំឡេង»។
លោកបានថ្លែងប្រាប់អ្នកកាសែត តាមរយៈអ្នកនាំពាក្យក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិបន្ថែមទៀតថា «នេះគឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុង»៕