(តៃប៉ិ)៖ របាយការណ៍ប៉ាន់ស្មានដែលមិនបង្ហាញជាសាធារណៈរបស់តៃវ៉ាន់ បានឱ្យដឹងថា ចិនចំណាយលុយប្រហែល ១៥ពាន់លានដុល្លារ ឬស្មើនឹង ៧ភាគរយនៃកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន ទៅលើការធ្វើសមយុទ្ធយោធា នៅតំបន់ប៉ាស៉ីហ្វិកខាងលិច ក្នុងឆ្នាំ ២០២៣ ដោយនេះគឺជាការវិនិយោគរបស់ទីក្រុងប៉េកាំង ក្នុងសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ និងតំបន់ជិតខាងរបស់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។
ការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ដែល Reuters ទទួលបាន ផ្តល់នូវទិដ្ឋភាពដ៏កម្រមួយ ជុំវិញការចំណាយលើ វិស័យការពារជាតិរបស់ចិន ខណៈដែលទីក្រុងប៉េកាំង បានបង្កើនវត្តមានយោធារបស់ខ្លួន ចំពេលភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់។ មន្រ្តីតៃវ៉ាន់ម្នាក់ និងអ្នកសង្ខេបរបាយការណ៍ស្រាវជ្រាវនេះ ២នាក់ទៀត បានឱ្យដឹងថា «នេះបង្ហាញពីរបៀបបែងចែកធនធានរបស់ពួកគេ។ ពួកគេកំពុងចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីព្យាយាមគ្រប់គ្រងភាគខាងលិចនៃតំបន់យុទ្ធសាស្រ្តទី ១ (First Island Chain)»។ តំបន់យុទ្ធសាស្រ្តទី ១ គឺជាបណ្តុំនៃប្រជុំកោះដែលរត់កាត់ ប្រហែលពីឥណ្ឌូណេស៉ី នៅទិសឦសានឆ្ពោះទៅជប៉ុន ដោយគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
គួរបញ្ជាក់ថា នៅក្នុងលិខិតផ្ញើមកកាន់ Reuters ក្រសួងការពារជាតិតៃវ៉ាន់ បានបដិសេធធ្វើការលម្អិត ប៉ុន្តែថាការវិនិយោគយោធា ដ៏ធំសម្បើមរបស់គណបក្សកុម្មុយនិស្តចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ ដែលមិនអំណោយផលដល់វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក។ ដោយឡែក ក្រសួងការពារជាតិចិន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕