(វ៉ាស៉ីនតោន)៖ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៃរដ្ឋបាលលោក ចូ បៃដិន បានទៅដល់ទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមកិច្ចសន្ទនា រយៈពេល ៣ថ្ងៃ ជាមួយក្រុមមន្រ្តីកំពូលៗចិន ក្នុងទីក្រុងប៉េកាំង នាសប្តាហ៍នេះ ក្នុងគោលបំណងរំងាប់ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ នៅមុនការបោះឆ្នោតអាមេរិកថ្ងៃទី៥ វិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។
លោក Sullivan និងប្រមុខការទូតចិន លោក Wang Yi ក៏ដូចជាមន្រ្តីដ៏ទៃទៀត ត្រូវជួបពិភាក្សាគ្នាចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែសីហា ខណៈប្រទេសទាំងពីរមិនយល់ស្របគ្នាជុំវិញនៅតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងបំណងរបស់ចិន ក្នុងការបង្រួបបង្រួម ជាមួយតៃវ៉ាន់ រួមទាំងការទាមទារចំណែកទឹកដីនៅសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាពាណិជ្ជកម្មផងដែរ។ លោក Sullivan ចង់ពង្រីកកិច្ចចរចារវាងយោធា និងយោធា រហូតដល់កម្រិតជាមួយកងទ័ពរំដោះប្រជាជនចិន ជាជំហានមួយ ដែលទីក្រុងវ៉ាស៉ីនតោន សង្ឃឹមថាអាចទប់ស្កាត់ជម្លោះក្នុងតំបន់ ពិសេសដូចជានៅច្រកសមុទ្រតៃវ៉ាន់។ សហរដ្ឋអាមេរិក ក៏ចង់ឱ្យចិនចាត់វិធានការបន្ថែមទៀត នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការផលិតសារធាតុគីមី ដែលអាចបង្កើតជាថ្នាំ fentanyl។
ទីក្រុងប៉េកាំងវិញ នឹងបង្ហាញការមិនយល់ព្រមរបស់ខ្លួន ចំពោះពន្ធគយរបស់សហរដ្ឋអាមេរិកលើផលិតផលទំនិញ និងការត្រួតពិនិត្យជាច្រើនលើការនាំចេញ ដែលផ្តោតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ហើយលើកឡើង នូវការទាមទារអធិបតេយ្យភាពរបស់ខ្លួន ចំពោះកោះតៃវ៉ាន់។ តាមក្រសួងការបរទេស ចិននឹងផ្តោតលើការបង្ហាញពីកង្វល់ បញ្ជាក់ពីគោលជំហររបស់ខ្លួន និងការទាមទារលើបញ្ហាតៃវ៉ាន់ សិទ្ធិក្នុងការអភិវឌ្ឍ និងសន្តិសុខជាយុទ្ធសាស្ត្ររបស់ចិន។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូង ដោយទីប្រឹក្សាសន្តិសុខជាតិមួយរូប ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ ២០១៦។ កិច្ចពិភាក្សាក្នុងទីក្រុងប៉េកាំងនៅលើកនេះ មន្ត្រីជាន់ខ្ពស់ទាំងពីរ ក៏អាចកំណត់ផ្លូវឆ្ពោះទៅរកជំនួបរវាង លោក បៃដិន និងលោក ស៉ី ជីនពីងផងដែរ។ ប្រទេសប៉េរូ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៊ីហ្វិក ហើយប្រេស៉ីល នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅក្នុងខែវិច្ឆិកាដូចគ្នា ហើយវាជាពេលវេលាដែលមេដឹកនាំទាំងពីរ អាចជួបគ្នាបាន៕