(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ប្រមុខការពារជាតិនៃប្រទេសហ្វីលីពីន បាននិយាយថា ចិនគឺជាអ្នករំខានសន្តិភាពធំបំផុត នៅតំបន់អាស៉ីអាគ្នេយ៍ ខណៈដែលភាពតានតឹង កាន់តែបន្តកើនឡើង រវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង ជុំវិញតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានធ្វើការលើកឡើងដូចខាងលើ អំឡុងសន្និសីទមួយ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៉ីហ្វិករបស់យោធាអាមេរិក ក្រោយការប្រឈមដាក់គ្នា រវាងនាវាហ្វីលីពីននិងចិន បានកើតមានម្តងហើយម្តងទៀត នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។ ទឹកដីដែលចិនទាមទារ រួមបញ្ចូលទាំង តំបន់ថ្មប៉ប្រះទឹកនិងផ្ទៃទឹក ដែលហ្វីលីពីនអះអាងថា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ខ្លួន។
គួរបញ្ជាក់ថា ក្រៅពីចោទប្រកាន់ចិនជា អ្នករំខានសន្តិភាពធំបំផុត នៅអាស៉ីអាគ្នេយ៍ លោក Teodoro ក៏បានទទូចឱ្យ ប្រទេសដទៃទៀតរួមគ្នា ជួយហ្វីលីពីនរិះគន់ខ្លាំងៗប្រឆាំងចិនផងដែរ ដើម្បីដាក់សម្ពាធរហូតទាល់តែទីក្រុងប៉េកាំង យល់ព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន។ ទំនាក់ទំនងរវាងហ្វីលីពីននិងចិន បានធ្លាក់ដុនដាបជាលំដាប់ ចាប់តាំងពីរដ្ឋាភិបាលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានផ្តោតទៅពង្រឹងសម្ព័ន្ធភាពកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ហើយប្រកាន់ជំហររឹងមាំប្រឆាំងសកម្មភាពចិន នៅតាមតំបន់មានបញ្ហាវិវាទ ក្នុងសមុទ្រចិនខាងត្បូង៕