(ប៉ារីស)៖ ក្រុមរដ្ឋអាជ្ញានៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថា CEO និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
បើតាមក្រុមរដ្ឋអាជា្ញបារាំង ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។
ការស៊ើបអង្កេតនេះដែរផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។ លោក Pavel Durov ត្រូវបានគេរាយការណ៍ថា អាចស្ថិតក្រោមការឃុំខ្លួនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។
ទន្ទឹមគ្នានឹងការអះអាងរបស់ក្រុមរដ្ឋអាជ្ញាបារាំង លោកប្រធានាធិបតី Emmanuel Macron ក៏បានធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈទទួលស្គាល់ជាលើកដំបូងអំពីការចាប់ខ្លួន លោក Pavel Durov ផងដែរ ចាប់តាំងពីរូបលោកត្រូវបានប៉ូលិសបារាំងឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពី ថ្ងៃសៅរ៍សប្ដាហ៍មុនមក។ តាមលោក Macron ការឃាត់ខ្លួនស្ថាបនិក Telegram មិនមានជាប់ពាក់ព័ន្ធនឹងចេតនានយោបាយអ្វីនោះទេ ហើយថាបារាំងប្រកាន់ខ្ជាប់ជានិច្ចនូវ ការប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះសេរីភាពបញ្ចេញមតិស្របច្បាប់។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Macron បានគូសបញ្ជាក់ដូច្នេះថា «ការឃាត់ខ្លួនថៅកែ Telegram នៅលើទឹកដីបារាំងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃការស៊ើបអង្កេតតាមផ្លូវច្បាប់ ហើយវាមិនមែនជាចេតនានយោបាយអ្វីនោះទេ ដោយរឿងគ្រប់យ៉ាង គឺអាស្រ័យលើចៅក្រមជាអ្នកសម្រេច»។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Pavel Durov បានបង្កឱ្យមានការរិះគន់ពីរុស្ស៉ី រួមទាំងមហាសេដ្ឋីអាមេរិក លោក Elon Musk ជាថៅកែបណ្ដាញទំនាក់ទំនងសង្គម X ដែល បាននិយាយថាសេរីភាពបញ្ចេញមតិនៅក្នុងទ្វីបអឺរ៉ុប កំពុងរងការវាយប្រហារ៕